ក្រុមហ៊ុន Qualcomm កាលពីខែមុននេះ បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងក្រុមហ៊ុន Apple ពីបទល្មើលកម្មសិទ្ធិបញ្ញានៃប្រកាសនីយប័ត្ររបស់ខ្លួន ដែលអាចនឹងឈានដល់ការហាមមិនឱ្យនាំចូល iPhone ម៉ូឌែលកំណត់មួយចំនួន។ ឥឡូវនេះ ក្រុមហ៊ុនផលិតបន្ទះឈីបអន្តរជាតិសាស្រ្តរបស់អាមេរិក បានប្រកាសថា គណកម្មការពាណិជ្ជកម្មអន្តរជាតិ ITC បាននិងកំពុងបើកការស៊ើបអង្កេតក្រុមហ៊ុន Apple តបតាមការទាមទាររបស់ខ្លួនហើយ។
ក្រុមហ៊ុន Qualcomm និយាយថា ការស៊ើបអង្កេតគឺធ្វើឡើងដើម្បីនឹងរកមើលថា តើក្រុមហ៊ុនផលិត iPhone បានជាប់ពាក់ព័ន្ធនៅក្នុងការអនុវត្តពាណិជ្ជកម្មគ្មានតម្លាភាព ដោយការនាំចូល និងលក់ចេញឧបករណ៍អេឡិចត្រូនិកចល័តផ្សេងៗ ដែលល្មើសទៅនឹងកម្មសិទ្ធិប៉ាតង់របស់ខ្លួនចំនួន ៦ មុខ ឬក៏យ៉ាងណា។ ក៏ដូចដែលខ្លួនបានប្រកាសកាលពីខែមុនផងដែរ Qualcomm បានស្នើឱ្យ ITC អនុវត្តដីកា Limited Exclusion Order ដើម្បីបិទផ្ទប់ការនាំចូល iPhone និង iPad ណាដែលប្រើប្រាស់ម៉ូឌីមគ្មានច្បាប់អនុញ្ញាត រំលោភលើកម្មសិទ្ធិបញ្ញាប៉ាតង់របស់ខ្លួនមួយ ក្នុងចំណោមប៉ាតង់ចំនួន ៦។
ប្រាកដណាស់ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស រីករាយចំពោះសេចក្តីសម្រេចចិត្តរបស់គណកម្មការ ITC ដែលពន្លឿនសំណុំរឿងរបស់ខ្លួនរហូតយឈានដល់បើកការស៊ើបអង្កេត ទោះបីជាវាអាចនឹងចំណាយពេលរហូតដល់ ១៨ ខែ មុនការចេញសម្រេចចិត្តមួយជាផ្លូវការក៏ដោយ។
ទោះយ៉ាងណា នេះគួរតែមិនមានជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះទេ ដែល ITC បានសម្រេចបើកការស៉ើបអង្កេតលើក្រុមហ៊ុន Apple តបតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន Qualcomm នោះ។ វាគ្រាន់តែជាសកម្មភាពផ្លូវច្បាប់មួយ ដែលធ្វើឡើងស្របទៅនឹងកតាព្វកិច្ចរបស់គណកម្មការ ជាជាងក្រោមហេតុផលផ្សេងទៀត ខណៈក្រុមហ៊ុន Qualcomm ពុំមានភស្តុតាងរឹងមាំក្នុងការដាក់បន្ទុកនៅឡើយ។ ប៉ុន្តែ គ្រប់យ៉ាងអាចមានការផ្លាស់ប្តូរ។
យ៉ាងណាក៏ដោយ នេះគឺជាការតឹកតាងចុងក្រោយបង្អស់ ពាក់ព័ន្ធទៅនឹងជម្លោះផ្លូវច្បាប់ដែលកំពុងកើនកម្តៅរវាងក្រុមហ៊ុនយក្សទាំងពីរ ខណៈដែលក្រុមហ៊ុន Apple បានទទួលការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗដូចជា Intel, Samsung, និង Alphabet (ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google)៕
ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់