នៅថ្ងៃម្សិលមិញនេះ Facebook បានដាក់ឱ្យដំណើរការកំណែថ្មីដ៏ធំសម្បើមមួយសម្រាប់កុំព្យូទ័រ តាមរយៈការបន្ថែមមឺនុយ “Explore Feed” ថ្មីជាផ្លូវការ បន្ទាប់ពីវាត្រូវបានដាក់បញ្ចូលលើកម្មវិធីឧបករណ៍ចល័តមួយរយៈ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីគេហទំព័រ Techcrunch។
នៅពេលចូលទៅកាន់គណនី Facebook តាមម៉ាស៊ីនកុំព្យូទ័រ លោកអ្នកនឹងឃើញមានមុខមឺនុយថ្មីមួយ រូបកាំជ្រួចអវកាស នៅខាងឆ្វេងផ្ទាំងគេហទំព័រ ឋិតក្រោមមឺនុយ News Feed។ តាមរយៈមឺនុយនេះ Facebook បានបែងចែកមាតិកាព័ត៌មានដែលបង្ហោះតាមទំព័រ ដាច់ដោយឡែកពីមាតិកាបង្ហោះតាមគណនី Profle អ្នកប្រើប្រាស់ធម្មតា។
កំណែថ្មីដ៏សំខាន់នេះ ត្រូវបានក្រុមហ៊ុនអះអាងថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ចូលឆែកមើលព័ត៌មានចេញពីទំព័រដែលពួកគេចុច Like ឬ Follow និងអ្វីៗដែល Friend ពួកគេដាក់បង្ហោះ ព្រមទាំងបង្កើនពេលវេលារបស់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម។ លើសពីនេះ ក្រុមហ៊ុនក៏ងាយក្នុងការសៀតពាណិជ្ជកម្ម ឬស៊កមាតិកាព័ត៌មានបង្ហោះចេញពីទំព័រ Facebook ដែលបាន Boost នៅចន្លោះផ្ទាំង News Feed របស់អ្នកប្រើប្រាស់គណនីទូទៅផងដែរ។
ដូច្នេះ ចាប់ពីពេលនេះ ប្រសិនបើលោកអ្នកចង់ឆែកមើលព័ត៌មានផ្សេងៗដែលបង្ហោះចេញពីទំព័រ Facebook ដែលខ្លួនចុច Like ឬ Follow ត្រូវចុចចូលទៅកាន់មឺនុយ Explore ថ្មីនោះ៕
មតិយោបល់