ក្រុមហ៊ុន Samsung ទើបបើកបង្ហាញនូវកាមេរ៉ាប្រភេទថតរូបបែបរង្វិលជុំ ៣៦០ ដឺក្រេសម្រាប់ប្រើប្រាស់ជាមួយវ៉ែនតា VR ដែលអាចផ្សាយផ្ទាល់វីដេអូគុណភាពកម្រិត 4K ល្បឿន ៣០ ប៉ុស្តិ៍/វិនាទី ហើយវានឹងចែកចាយលក់លើទីផ្សារអាមេរិកនៅចុងខែក្រោយ។
ជាមួយការបំពាក់ភ្នែកកាមេរ៉ារហូតដល់ទៅ ១៧ គ្រាប់ ប្រើ Aperture ទំហំ f1/8 រន្ធសំឡេង ៦ អង្គផ្ទុកទិន្នន័យទំហំ ៥០GB និងគាំទ្រ SSD ទំហំ ២TB រួមទាំង Sensor មួយចំនួនទៀត បានធ្វើឱ្យកាមេរ៉ារាងមូលនេះ មានតម្លៃរហូតដល់ទៅ ១០,៥០០ ដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍នៅលើគេហទំព័រ Cnet។
ភ្នែកកាមេរ៉ាទាំងអស់ ត្រូវបានរចនាដោយបែកចែកជា ៨ គូ ដាក់នៅត្រង់គែមជុំវិញ និងមួយនៅចំកណ្តាល អាចផ្តិតយកទិដ្ឋភាពនៅជុំវិញខ្លួនជាទម្រង់វីដេអូ 3D ក្នុងមុំ ៣៦០ ដឺក្រេ សម្រាប់បង្កើតមាតិកាវីដេអូ VR យ៉ាងពិសេស។
មិនតែប៉ុណ្ណោះ វាប្រើប្រាស់នូវបច្ចេកវិទ្យាការពារជម្រាបទឹក និងប្រលាក់ធូលីដី តាមស្តង់ដា IP65 និងប្រើរន្ធដោត USB-C ផងដែរ។
Samsung 360 Round ត្រូវគេជឿថា ផលិតឡើងសម្រាប់បម្រើក្នុងវិស័យភាពយន្ត និងបំពេញតាមតម្រូវការក្នុងការថតស្ពតវីដេអូពាណិជ្ជកម្មធំៗ និងដើម្បីប្រជែងទីផ្សារកាមេរ៉ា VR ខ្លាំងៗដទៃ៕
មតិយោបល់