តើប្រិយមិត្តណាខ្លះដែលកំពុងប្រើប្រាស់ iPhone 7 Plus និងបានជួបបញ្ហាកាមេរ៉ាដំណើរការខុសប្រក្រតី ដោយលោតផ្ទាំងខ្មៅបង្ហាញចេញមកពេលដែលបើកកាមេរ៉ាខាងក្រោយម្តងៗ ហើយបើសិនជាអ្នកមានបញ្ហាបែបនេះមែន គឺបានសេចក្តីថា មិនមែនត្រឹមតែប្រិយមិត្តទេដែលបានជួបបញ្ហានេះ។
ចំពោះអ្នកប្រើប្រាស់ iPhone 7 Plus មួយចំនួនបានរាយការណ៍មកថា កាមេរ៉ារបស់ពួកគេត្រូវបានខូចដោយមូលហេតុថា កាមេរ៉ាខាងក្រោយ បង្ហាញត្រឹមតែផ្ទាំងខ្មៅប៉ុណ្ណោះ ឬក៏លោតចេញភ្លើងពណ៌បៃតង ឬពណ៌ស្វាយ។
ការរុករកមួយនៃបណ្តាញសង្គម Twitter នៅលើ MacRumors ដែលជាគេហទំព័រវេទិកាទាក់ទិនជាមួយនិងផលិតផល Apple បានបង្ហាញថា iPhone 7 Plus មួយចំនួនទៀត ត្រូវបានរាយការណ៍ដោយអ្នកប្រើប្រាស់ជាមួយបញ្ហាដូចគ្នានេះដែរ តាំងពីខែតុលាមកម្ល៉េះ ដូច្នេះវាទំនងជាមិនមែនដោយសារតែការដំឡើងកំណែថ្មីនៃជំនាន់ប្រព័ន្ធ iOS 10.2 នោះឡើយ។
លោក Jukens ដែលជាអ្នកគាំទ្រ MacRumors ក៏បានសរសេរមកដែលថា ពីម្សិលមិញពេលព្រឹក iPhone 7 Plus របស់ខ្ញុំ បានបង្ហាញនូវភាពមិនប្រក្រតីនៃកាមេរ៉ាខាងក្រោយ ដោយរាល់ពេលដែលខ្ញុំបើកកាមេរ៉ាម្តងៗ ខ្ញុំបានឃើញត្រឹមតែផ្ទាំងខ្មៅងងឹតប៉ុណ្ណោះ។
បញ្ហានេះដែរគឺកំពុងតែជះឥទ្ធិពលលើ ឧបករណ៍មួយចំនួនតូចប៉ុណ្ណោះ និងមិនទាន់មានការរីករាលដាលច្រើននោះទេ។ បើយោងតាមគេហទំព័រ Mashable បានឲ្យដឹងថា គេបានទាក់ទងទៅកាន់ក្រុមហ៊ុន Apple ហើយ ដើម្បីសុំការបញ្ចេញមតិលើបញ្ហានេះ ហើយពួកគេនឹងចេញសេចក្តីរាយការណ៍បន្ថែមពីនេះទៀត ប្រសិនបើក្រុមហ៊ុន Apple ធ្វើការឆ្លើយតបមកវិញ៕
មតិយោបល់