នឹងពង្រីកការលក់បន្ថែមទៀត ទៅលើស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ និងកណ្តាល
ប្រទេសចិនៈ ក្រុមហ៊ុន Huawei បានឈានដល់កំណត់ត្រាថ្មីមួយទៀតទៅលើការលក់ផលិតផលស្មាតហ្វូនរបស់ខ្លួន ដោយឡើងដល់ជាង ១០០ លានគ្រឿង គិតក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំ ២០១៧។
យោងតាមកំណត់ត្រាថ្មីនេះបង្ហាញថា ការលក់របស់ក្រុមហ៊ុន Huawei បានកើនចំនួន ១៩% ពីមួយឆ្នាំទៅមួយឆ្នាំ និងដែលនាំឱ្យឱកាសបំបែកកំណត់ត្រាលក់ក្នុងឆ្នាំ ២០១៦ ដែលទទួលបានចំនួន ១៤០ លានគ្រឿង មានកម្រិតខ្ពស់។
នាយកប្រតិបត្តិក្រុមអាជីវកម្មស្មាតហ្វូនរបស់ Huawei លោក Yu Chengdong បានថ្លែងឱ្យដឹងថា កំណើនយ៉ាងឆាប់រហ័សនេះ នឹងរុញច្រានបង្កើនប្រាក់ចំណូលប្រតិបត្តិការរបស់ក្រុមហ៊ុនឱ្យឡើងដល់ជាង ៣០% រាប់ចាប់ពីខែមករា ដល់ខែកញ្ញា។
លោក Yu លើកឡើងបន្ថែមថា Huawei នឹងពង្រីកការលក់បន្ថែមទៀត ទៅលើស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ និងកណ្តាល ដែលម៉ូឌែលទាំងនោះ នឹងទាក់ទាញអតិថិជនដែលចង់បានផលិផលគុណភាពខ្ពស់ថែមមួយកម្រិតទៀត។
ដោយសារការរីកចម្រើនខ្លាំងក្នុងឆ្នាំ ២០១៧ នេះដែរ Huawei ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនធំជាងគេបំផុតលើពិភពលោក លំដាប់ថ្នាក់លេខពីរ ឈរពីក្រុមហ៊ុន Samsung ក្រោយពីវ៉ាឈ្នះក្រុមហ៊ុន Apple ដោយសារតែលទ្ធផលនៃការលក់ស្មាតហ្វូនរបស់ខ្លួនពីខែមិថុនា ដល់កក្កដា។
ទោះយ៉ាងណា ក្នុងរយៈពេលនោះ ក្រុមហ៊ុន Apple មិនទាន់ចេញ iPhone ស៊េរីថ្មីលើទីផ្សារនៅឡើយ។ ដូច្នេះ វានឹងក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ បើក្រុមហ៊ុនផលិតស្មាតហ្វូនរបស់អាស៊ី អាចរក្សាការនាំមុខរបស់ខ្លួននៅក្នុងរយៈពេញមួយឆ្នាំ៕
ប្រភពព័ត៌មានChina Daily,GSMArena
មតិយោបល់