ព័ត៌មានបច្ចេកវិទ្យា

Hyundai, Kia នឹងចេញរថយន្ត SUV ដើរដោយថាមពលអគ្គិសនីទាំងស្រុងនៅឆ្នាំក្រោយ

ក្រុមហ៊ុន Hyundai និង Kia Motors កំពុងពង្រីកខ្លួនចូលក្នុងវិស័យរថយន្តអគ្គីសនីឱ្យកាន់តែខ្លាំងបន្ថែមទៀត តាមរយ:គ្រោងការបញ្ចេញរថយន្តប្រភេទ SUV ដើរ​ដោយ​ថាមពលអាគុយទាំងស្រុងនៅឆ្នាំក្រោយ។ នេះបើយោងតាមគេហទំព័រ Electrek ចេញផ្សាយកាលពីថ្ងៃសៅរ៍។

គេហទំព័រព័ត៌មានរថយន្តដដែលបានរាយការណ៍ថា ក្រុមហ៊ុន Hyundai កំពុងផលិតរថយន្តប្រភេទដើរដោយ​ថាមពលអគ្គិសនីចេញពីរថយន្ត SUV ត្រកូល Kona ខណ:ក្រុមហ៊ុន Kia នឹងផលិតរថយន្តអគ្គិសនីត្រកូល Niro ចេញពីរថយន្តប្រភេទ SUV ដែលមានស្រាប់របស់ខ្លួន។
រថយន្តទាំងពីរម៉ូឌែល នឹងបំពាក់អាគុយថាមពល ៥០ គីឡូវ៉ាត់ម៉ោង និងអាចរត់បានចម្ងាយផ្លូវជាង ៣២១ គីឡូម៉ែត្រ បន្ទាប់ពីសាកភ្លើងបំពេញម្តង ហើយវានឹងដាក់លក់ក្នុងតម្លៃ ៣៩,០០០ ដុល្លារ ពេលប្រកាសចេញដំបូង។

ដោយឡែក គេហទំព័រ Business Korea បានរាយការណ៍ថា ក្រុមហ៊ុនទាំងពីរមានគោលដៅរយ:ពេលវែងដោយចង់ក្លាយជាអ្នកផលិតរថយន្តដើរដោយថាមពលបៃតងធំជាងគេបំផុតនៅក្នុងប្រទេសកូរ៉េ ខណ:មានតែក្រុមហ៊ុន Toyota មួយគត់ដែលអ្នកនាំមុខពួកគេ។

ការប្រកាសពីគោលដៅថ្មីនេះ គឺក៏ដើម្បីឆ្លើយតបទៅនឹងភាពជោគជ័យរបស់រថយន្តដើរដោយថាមពលអគ្គិសនីសុទ្ធ ម៉ូឌែល Ioniq របស់ Hyundai ដែលកំពុងមានតម្រូវការទីផ្សារខ្លាំង បន្ទាប់ពីបានកំណត់ការផលិតចេញប្រចាំខែៗ ១,០០០ គ្រឿង ក្នុងខែមិថុនា ឆ្នាំ ២០១៦។

ឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារនេះ Hyundai និង Kia បានសម្រេចបង្កើនការផលិតរថយន្តម៉ូឌែល Ioniq និង Sonata ដើរដោយថាមពលអគ្គិសនីទាំងស្រុង ឱ្យបានដល់ ២០,០០០ គ្រឿង ដែលនេះមាន​ន័យ​ថា ក្រុមហ៊ុនទាំងពីរនឹងផលិតរចេញរថយន្តប្រភេទ EV ឱ្យបានច្រើនជាង ១ សែនគ្រឿង ក្នុងមួយឆ្នាំ រាប់ចាប់ពីឆ្នាំក្រោយទៅ៕

ប្រភពព័ត៌មាន: inquisitr

មតិយោបល់