ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានជនជាតិចិនម្នាក់ផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅរោងចក្រយីហោ គ័ង ស៊ុន ផលិតអំបោះ និងបោកគក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពព័ត៌មានពីអាជ្ញាធរបានឲ្យដឹងថា រោងចក្រ គ័ង ស៊ុន ផលិតអំបោះ និងបោកគក់ ដំណើរការរាល់ថ្ងៃ ស្រាប់តែនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នេះមិនដឹងថា ផ្នែកខាងឡដុតយកចំហាយ ប្រើក្នុងវិស័យការងារ ខុសទាស់បច្ចេកទេសយ៉ាងណានោះទេ ទើបបានជាផ្ទុះឡ ឡើងសន្ធឹកដូចគ្រាប់បែក ខ្ទាតឡ ថ្ម រប៉ាត់រប៉ាយ បង្កឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល។
តែបើតាមប្រភពពីភាគីរោងចក្រ បានឲ្យដឹង ហាក់បីដូចជាលាក់លៀម ថា ជនរងគ្រោះ មានតែ២នាក់ទេស្រាល ហើយភ្លាមៗ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យផងដែរ។
ករណីផ្ទុះឡដុតយកចំហាយ ក្នុងរោងចក្រខាងលើ មិនទាន់ដឹងថាមកពីមូលហេតុអ្វីដែរ ទើបបានជាជួបបញ្ហាបែបនេះ រង់ចាំជំនាញខាងបច្ចេកទេសចុះធ្វើការពិនិត្យ ហើយទីតាំងខាងលើទទួលរងការខូចខាត ជាដំណំបាក់បែកខ្ទេច កន្លែងឡ ដុតចំហាយ ហើយកន្លែងផ្សេងៗទៀតដែលនៅក្បែរនោះ៕
https://youtu.be/OL1jWWnOnc4
មតិយោបល់