ក្រុមហ៊ុន HMD បន្តផលិតចេញស្មាតហ្វូន Android តម្លៃថោកបន្ថែមទៀត ដោយលើកនេះ ក្រុមហ៊ុនបានផ្តោតសំខាន់ខ្លាំងទៅលើលក្ខណៈសម្បត្តិរបស់ថ្ម និងតម្លៃ ខណៈខ្លួនសំឡឹងឃើញមានឱកាសច្រើនក្នុងការវាយលុកលើទីផ្សារស្មាតហ្វូនលំដាប់ថ្នាក់ទាប។
Nokia 2 ម៉ូឌែលថ្មីចុងក្រោយនេះ ត្រូវបានគេចាត់ទុកជាស្មាតហ្វូនតម្លៃថោកបំផុតរបស់ក្រុមហ៊ុន HMD ប៉ុន្តែ បានពាំនាំមកជាមួយថាមពលថ្មធំរហូតដល់ ៤១០០ មីល្លីអំពែរ ជាមួយតម្លៃត្រឹមតែប្រមាណ ១២០ ដុល្លារប៉ុណ្ណោះ។
ទោះបីជាមានតម្លៃយ៉ាងនេះក្តី Nokia 2 ប្រើប្រាស់នូវអេក្រង់ HD ទំហំ ៥ អីុញ ប្រភេទ LCD ផ្តល់ថាមពលដំណើរការដោយបន្ទះឈីប Snapdragon 212 កាមេរ៉ាមុខ/ក្រោយមានទំហំ ៥/៨ មេហ្គាភិចសែល មានមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៨ GB និងអាចបន្ថែមបានទំហំ ១២៨ GB។
លោក Juho Sarvikas ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន HMD Global បាននិយាយថា គ្រប់គ្រឿងផ្សំរបស់ Nokia 2 ចាប់ពីអេក្រង់រហូតដល់ថ្ម បន្ទះឈីបរហូតដល់ការរចនាប្រព័ន្ធ បានផលិតឡើងដើម្បីទាញយកថាមពលក្នុងកម្រិតមួយដ៏តិចតួចតាមដែលអាចធ្វើបានពីថ្មដ៏ខ្លាំងមហិមារបស់វា។ ហើយអ្វីដែលសំខាន់បំផុតនោះគឺ វាមានតម្លៃថោកអស្ចារ្យបំផុត។
Nokia ដើរដោយប្រព័ន្ធ Android ស៊េរីថ្មីនេះ ត្រូវគេរាយការណ៍ថា នឹងចេញលក់លើទីផ្សារនៅខែក្រោយ ក្នុងតំបន់គោលដៅមួយចំនួន។ Post Tech សង្ឃឹមថា វានឹងមាននាំចូលមកប្រទេសកម្ពុជា ឆាប់ៗខាងមុននេះផងដែរ៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់