តាមរយៈសារអេឡិចត្រូនិចមួយ ក្រុមហ៊ុន OnePlus បានឱ្យដឹងជាផ្លូវការនូវថ្ងៃប្រកាសចេញស្មាតហ្វូនលំដាប់ខ្ពស់បំផុតជំនាន់បន្ទាប់របស់ខ្លួន គឺ OnePlus 5T ដែលត្រូវបានបែកធ្លាយព័ត៌មានជាហូរហែកន្លងមក។
នៅក្នុងសារនោះ ក្រុមហ៊ុនកំណត់ថ្ងៃរៀបចំព្រឹត្តិការណ៍បើកបង្ហាញ 5T នៅថ្ងៃទី ១៦ វិច្ឆិកា នាទីក្រុងញូវយ៉ក ដោយភ្ជាប់ជាមួយសារមួយថា “A New View” ហើយនឹងចេញលក់នៅមួយសប្តាហ៍បន្ទាប់។
យោងតាមព័ត៌មានចចាមអារ៉ាមពី GizmoChina បានលើកឡើងថា OnePlus 5T នឹងមានរចនាបទស្រដៀង OnePlus 5 ប៉ុន្តែ មានអេក្រង់គែមស្តែង និងធំជាង ទំហំ ៦ អីុញ ជាមួយមាត្រដ្ឋានអេក្រង់ថ្មី 18:9 ratio ដែលមើលទៅរាងទ្រវែងជាងមុន ហើយប្រើអេក្រង់កម្រិត 2K (២១៦០ x 1080 ភិចសែល)។
ក្រៅពីនេះ RAM របស់វានឹងត្រូវបានបង្កើនឱ្យខ្ពស់ជាងមុន គឺរហូតដល់ទំហំ ៦ ឬ ៨ ជីហ្គាបៃយ៍ តែប្រើបន្ទះឈីប Snapdragon 835 ដដែល ដោយសារតែវាឋិតនៅលំដាប់កំពូលរួចទៅហើយ និងមានជម្រើសមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៦៤/១២៨/២៥៦ ជីហ្គាបៃយ៍។
ចំណែកកាមេរ៉ាវិញ មានព័ត៌មានក្រៅផ្លូវការជាច្រើនថា គឺភ្លោះ និងមានទំហំដល់ ២០ មេហ្គាភិចសែល ហើយប្រើថ្មថាមពល ៣៤៥០ មីល្លីអំព៊ែរ ខ្ពស់ជាង OnePlus 5 ដែលមាន ៣៣០០ មីល្លីអំព៊ែរ។
សម្រាប់តម្រៃវិញ OnePlus 5T ត្រូវគេរំពឹងថា នឹងដាក់លក់ក្នុងតម្លៃខ្ទង់ ៤៧៩ ដុល្លារ (តម្លៃបរទេស)៕
មតិយោបល់