ព័ត៌មានបច្ចេកវិទ្យា

សំខាន់អីជាងអ្នកមើល! ទីបំផុត YouTube សម្រេចដកស្ព័ត ៣០ វិនាទី ដ៏រំខានចេញហើយ

ក្រោយពីមានការរអ៊ូរទាំយ៉ាងខ្លាំងពីអ្នកចូលមើលវីដេអូនៅលើបណ្តាញវីដេអូ YouTube ជាបន្តបន្ទាប់ ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការថា ខ្លួននឹងឈប់បង្ហាញចេញនូវស្ព័តវីដេអូឃោ សនារយៈពេល ៣០ វិនាទីដែលមិនអាចចុចបង្ហួសចោល នៅលើវីដេអូ YouTube របស់ខ្លួនទៀតហើយ គិតចាប់ផ្តើម ពីដើមឆ្នាំ ២០១៨។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google ម្នាក់ បានថ្លែងប្រាប់ទូរទស្សន៍ BBC កាលពីថ្ងៃសៅរ៍ថា ខ្លួនគ្រោងនឹងដកចេញនូវវីដេអូដ៏គួរឱ្យរំខានចេញពីគេហទំព័រវីដេអូអនឡាញរបស់ខ្លួន រួចដាក់ជំនួសដោយទម្រង់នៃការឃោសនាបែបថ្មី ដែលនឹងមានភាពទាក់ទាញចំពោះអ្នកចូលទស្សនាកាន់តែច្រើន និងអ្នកផ្សព្វផ្សាយកាន់តែពេញចិត្ត។

ការផ្សព្វផ្សាយពាណិជ្ជកម្មជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នកបង្កើតគេហទំព័រ YouTube និងមាតិកាវីដេអូ។ មធ្យោបាយដែលពួកគេរៀបចំឡើងគឺមិនមានអ្វីអាថ៍កំបាំងនោះទេ ដោយកាលណាមានអ្នកចូលមើលការផ្សព្វផ្សាយពាណិជ្ជកម្មបានកាន់តែច្រើន នោះពួកនឹងទទួលបានលុយកាន់តែច្រើនពីអ្នកដាក់ពាណិជ្ជកម្ម។

ទោះយ៉ាងណា ទម្រង់នៃការផ្សព្វផ្សាយពាណិជ្ជកម្មអាចផ្តល់ប្រាក់ចំណេញបានច្រើន និងសមរម្យបំផុតនៅតែជាប្រធានបទសំខាន់ដែលគេតែងលើកយកមកជជែកពិភាក្សា។

លោក Will Smyth ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីទីភ្នាក់ងារផ្សព្វផ្សាយ និងទីផ្សារ Agenda 21 យល់ស្របចំពោះការសម្រេចិត្តរបស់ក្រុមហ៊ុន Google ដោយគាត់លើកឡើងថា ការដាក់បញ្ចូលវីដេអូរយៈពេល ៣០ វីនាទីនោះ គឺជាមធ្យោបាយមួយហួសសម័យទៅហើយ។

ទាំងនេះ គឺជាដំណឹងដ៏ត្រេកអរមួយសម្រាប់អ្នកចូលចិត្តទស្សនាវីដេអូលើ YouTube នឹងដែលត្រូវបានរំខានដោយស្ព័តឃោសនាកន្លះនាទី ដែលលោតចេញមករំខានជារឿយៗនោះ។ ទោះយ៉ាងណា កុំអាលអរអី សូមកុំភ្លេចថា YouTube នៅមានពាណិជ្ជកម្មលោតចេញរយៈពេល ៦ វិនាទីផ្សេងទៀត ដែលខ្លួនបានដាក់ចេញកាលពីឆ្នាំមុន ហើយវានឹងចេញមកកាន់តែច្រើនឡើង ខណៈដែលវីដេអូឃោសនារយៈពេល ១៥ ទៅ ២០ នាទី មិនទាន់ត្រូវបានប្រកាសដកចេញនៅឡើយទេ គិតមកទល់ពេលបច្ចុប្បន្ននេះ៕

ប្រភពព័ត៌មានៈ bbc

មតិយោបល់