ព័ត៌មានបច្ចេកវិទ្យា

Apple គ្រោងចេញ iPad ស្រដៀង iPhone X ក្នុងឆ្នាំ ២០១៨

ក្រុមហ៊ុន Apple កំពុងធ្វើការច្នៃបង្កើត iPad លំដាប់កំពូលជំនាន់ថ្មីមួយម៉ូឌែល ឱ្យមានរចនាបទអេក្រង់​គែមស្តើងដូច iPhone X សម្រាប់ចេញលក់ក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ Bloomberg។

ប្រភពដដែលឱ្យដឹងបន្ថែមថា iPad ស៊េរីថ្មីនោះ នឹងបំពាក់អេក្រង់ OLED ជំនួសឱ្យអេក្រង់ LED រួមជា​មួយ​បច្ចេកវិទ្យាស្កេនមុខ Face ID ហើយវាត្រូវគេរំពឹងថា នឹងប្រកាសចេញក្នុងខែមិថុនា ឆ្នាំ ២០១៨ ដូច​ iPad Pro អេក្រង់ 10.5 អីុញ ដែលបានប្រកាសចេញក្នុងឆ្នាំនេះអីចឹងដែរ។

iPad ស៊េរីឆ្នាំ ២០១៨ នោះដែរ នឹងផលិតចេញម៉ូឌែលខុសៗគ្នាពីរទៅបី ហើយក្នុងចំណោមនោះ នឹងមានមួយម៉ូឌែលបំពាក់​អេក្រង់ប៉ុន iPad Pro 10.5 អីុញសព្វថ្ងៃ។ បន្ថែមពីលើនោះ ប៊ិករបស់វានឹងមានសមត្ថ​ភាព រួមទាំងមុខងារប្រើប្រាស់ កាន់តែល្អប្រសើរក្នុងការគូសវាស់ ឬសរសេរលើផ្ទៃអេក្រង់។

គួររំឭកថា អាជីវកម្មថេប្លេតរបស់ Apple ធ្លាប់ទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែ ក្នុង​រយៈកាលពីរបីឆ្នាំចុងក្រោយ វាក៏មានការធ្លាក់ចុះ ខណៈការលក់ថេប្លេតជារួមលើទីផ្សារមានការធ្លាក់ចុះ។

ទោះយ៉ាងណា​ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក នៅតែមើលឃើញថា ឧបករណ៍ iPad គឺជាកុំព្យូទ័របន្ទះស្តើងដ៏មានសក្តានុពលមួយទៅថ្ងៃអនាគត ហើយខ្លួននៅតែបន្តវិនិយោគលើការអភិវឌ្ឍជំនាន់ថ្មីៗរបស់វាឱ្យកាន់តែខ្លាំងថែមទៀត៕

ប្រភពព័ត៌មានៈ phonearena

មតិយោបល់