ព័ត៌មានបច្ចេកវិទ្យា

ខ្លាំងបាត់! Facebook នឹងប្រើបច្ចេកវិទ្យា AI តាមវែកមុខពួក ISIS

បណ្តាញទំនាក់ទំនងសង្គមដូចជា​ Facebook និង​ Twitter ត្រូវគេរកឃើញថា បានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ពួកភេវរករ ISIS ប្រើដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបមនោគមន៍វិទ្យាជ្រុលនិយមរបស់ខ្លួន ទៅដល់មនុស្សនៅគ្រប់ជ្រុងនៃពិភពលោក ឱ្យចូលរួមក្នុងសកម្មភាពភេវរកម្មតាមរូបភាពផ្សេងៗ។

ក្រោយពីមានការរិះគន់ ខឹងសម្បារ និងប្តឹងផ្តល់ពីមជ្ឈដ្ឋានផ្សេងៗ អំពីការមិនបានដាក់ចេញនូវវិធានការដែលមានប្រសិទ្ធភាពដើម្បីទប់ស្កាត់សកម្មភាពខាង​លើ នៅថ្ងៃព្រហស្បត្តិ៍នេះ ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួននឹងចាប់ដំណើរការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI (Artificial Intelligence) តាមដានរកសកម្មភាពនានារបស់ក្រុមភេវរកម្មធំៗ ពិសេសក្រុម ISIS នៅលើបណ្តាញសង្គមរបស់ខ្លួន។ នេះបើយោងតាមគេហទំព័រព័ត៌មាន The New York Times ចេញផ្សាយនៅថ្ងៃសុក្រនេះ។

លោកស្រី Monika Bickert ប្រធានផ្នែកគ្រប់គ្រងគោលនយោបាយសកលរបស់ក្រុមហ៊ុន Facebook ថ្លែងឱ្យដឹងថា បច្ចេកវិទ្យា AI នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្រោមការអភិវឌ្ឍន៍ និងសម្របសម្រួលដោយមនុស្ស ដើម្បីត្រួតពិនិត្យតាមដានរាល់មាតិកាព័ត៌មានដែលរំលោភលើលក្ខន្តិកៈនៃបណ្តាញសង្គមរបស់ខ្លួន ដូចជារូបភាព-វីដេអូកាត់ក្បាលមនុស្សជាដើម ហើយសមត្ថភាពរបស់វា នឹងមានការបង្កើនជាបន្តបន្ទាប់នៅពេលក្រោយៗទៀត។

នៅក្នុងសារប្លុកមួយបង្ហោះផ្សាយនៅថ្ងៃព្រហស្បត្តិ៍ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមយក្សបានព័រណ៍នាអំពីប្រព័ន្ធដំណើរការរបស់ AI ដែលវានឹងអាចបង្រៀនខ្លួនវាក្នុងការតាមកំណត់រក និងចាប់ឃ្លាឃ្លោងគន្លឹះៗរបស់ក្រុមភេវករប្រើប្រាស់ដើម្បីអូសទាញមនុស្សឱ្យចូលរួមក្នុងអំពើភេវរកម្ម។

ប្រព័ន្ធដូចគ្នានេះ នឹងអាចចេះកត់សម្គាល់ចំពោះអ្នកប្រើប្រាស់ណាដែលចូលរួមពាក់​ព័ន្ធទំព័រ ឬគ្រុប Facebook ដែលឃោសនាផ្សព្វផ្សាយសារ ឬមាតិកាភេវរនិយម ឬអ្នកដែលឧស្សាហ៍ចេញចូលក្នុងទំព័រទាំងនោះម្តងហើយម្តងទៀត ដើម្បីបង្កើតគណនីក្លែងក្លាយសម្រាប់សាយភាយមនោគមន៍ជ្រុលនិយមលើប្រព័ន្ធ​អន​ឡាញ។

លោកស្រី Bickert បន្ថែមថា «នៅថ្ងៃណាមួយ បច្ចេកវិទ្យារបស់យើងនឹងមានសមត្ថភាពអាចដោះស្រាយនូវបញ្ហាគ្រប់យ៉ាង ហើយវាកំពុងវិវឌ្ឍទៅកាន់ចំណុចនោះហើយ»។

លោក Brian Fishman ប្រធានគ្រប់គ្រងគោលនយោបាយសម្រាប់ដឹកនាំការស្វែងរកសកម្មភាពភេវរនិយមលើបណ្តាញសង្គម Facebook និយាយថា ក្រុមហ៊ុនមានអ្នកឯកទេសក៍ចំនួន ១៥០ នាក់ កំពុងធ្វើការពិនិត្យ និងតាមដានមាតិកាទាំងនោះ លើ ៣០ ភាសា។

គួរបញ្ជាក់ថា ការប្រកាសចាប់ផ្តើមដាក់ចេញនូវឧបករណ៍បច្ចេកវិទ្យាថ្មីខាងលើដែរ គឺធ្វើឡើងបន្ទាប់ពី មួយរយៈកាលចុងក្រោយនេះ អំពើភេវរកម្មត្រូវគេមើលឃើញ​ថា កាន់តែមានសកម្មភាពខ្លាំងក្លា ជាក់ស្តែងនៅក្នុងប្រទេសអង់គ្លេស តែម្តង៕

ប្រភពព័ត៌មានៈ nytimes

មតិយោបល់