ក្នុងអំឡុងពេលមានផ្ទៃពោះ ទាមទារឲ្យស្ត្រីគ្រប់រូបយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតទាំងទម្លាប់របៀបនៃការរស់នៅ និងការទទួលទាន ព្រោះវាអាចប៉ះពាល់ដល់ទារក្នុងផ្ទៃ។ ពុំដូច្នោះទេ ទារកអាចជួបផលលំបាកដល់សុខភាពធ្ងន់ធ្ងរ ហើយអាចស្លាប់ក្នុងផ្ទៃទៀតក៏មានដែរ។ ជាពិសេស ក្នុងចំណោមរបស់ទាំង៤យ៉ាងនៅខាងក្រោមនេះ កុំប៉ះពាល់ឲ្យសោះ។
បារី
រឿងដំបូងគេដែលស្ត្រីមានផ្ទៃពោះត្រូជៀសវាងឲ្យឆ្ងាយ គឺបារី។ ព្រោះវាមានផ្ទុកសារធាតុកាបូនម៉ូណូស៊ីត ជាតិនីកូទីន និងសារធាតុគីមីពុលផ្សេងៗទៀត ដែលឆ្លងកាត់តាមរយៈសុខទៅក្នុងឈាមរបស់ទារកដោយផ្ទាល់។
នេះហើយជាមូលហេតុ ដែលធ្វើឲ្យអុកស៊ីសែន និងអាហារបំប៉នដែលត្រូវបញ្ចូនទៅកាន់ទារកមានការកាត់បន្ថយ ហើយអាចប្រឈមនឹងហានិភ័យសម្រាលកូនមិនគ្រប់ខែ ឬអាចបណ្តោលឲ្យស្លាប់បាន។ ដូច្នេះ អ្នកត្រូវជៀសឲ្យឆ្ងាយពីបារី ឬទៅកន្លែងដែលមានអ្នកជក់បារីឲ្យសោះ។
កាហ្វេ
ជាតិការហ្វេអ៊ីន នៅក្នុងភេសជ្ជៈកាហ្វេក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពទារកដែរ ព្រោះវា ត្រូវបញ្ចូនតាមរយៈសុកចូលកាន់ទារកលឿនបំផុត។ យកល្អអ្នកគួរតែកាត់បន្ថយការទទួលទានកាហ្វេ ឬទទួលទានត្រឹមតែមួយថ្ងៃមួយពែងបានហើយ។
គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងអាចប្រឈមនឹងហានិភ័យរលូត ប៉ះពាល់ដល់ការលូតលាស់ទារក ខូចអវយវៈពីកំណើត មានបញ្ហាផ្លូវចិត្ត។ ហេតុផលទាំងអស់នេះហើយ សមល្មមដែលស្ត្រីមានផ្ទៃពោះគួរតែគេចចេញឲ្យឆ្ងាយពីគ្រឿងស្រវឹង ប្រសិនបើស្រឡាញ់កូន។
ថ្នាំ
ក្នុងអំឡុងពេលមានផ្ទៃពោះ ទោះបីជាមានជំងឺបែបណាក៏ដោយអ្នកមិនគួរប្រើប្រាស់ថ្នាំតាមតែអំពើចិត្តនោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទារក។ ជម្រើសមានតែមួយគត់ គឺទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យ ហើយប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ៕
ប្រភព៖ pregnancyvideo
មតិយោបល់