ទំព័រ Facebook ដ៏មានប្រជាប្រិយបំផុតមួយដែលមានចំនួន Like ជាង ៣៤ លាន បានបាត់ស្រមោលពីបណ្តាញសង្គមយក្ស នៅថ្ងៃសុក្រម្សិលមិញ ដោយគ្មានមូលហេតុ ខណៈគេជឿថា វាត្រូវបានក្រុមហ៊ុនប្លុកចោល។ ទោះយ៉ាងណា នៅប៉ុន្មានម៉ោងក្រោយ ទំព័របណ្តាញសង្គមដែលមានឈ្មោះថា Unilad ក៏បានវិលត្រឡប់មកសភាពដើមវិញ។
ការគាំងបាត់ជាបណ្តោះអាសន្ននេះ បានបង្កការព្រួយបារម្ភ និងជ្រួលច្របល់ក្នុងចំណោមសហគមន៍ម្ជាស់ទំព័រមួយចំនួន ដោយសារតែវាគឺជាការក្រើនរំឭកមួយថា ពួកគេមិនអាចគ្រប់គ្រងលើជោគជតាទំព័ររបស់ខ្លួនបានឡើយ។ ពោលគឺ គ្រប់យ៉ាងអាចនឹងផ្លាស់ប្តូរតាមចិត្តគិតឃើញរបស់ក្រុមហ៊ុន Facebook។
ទំព័រ Unilad ត្រូវបានបង្កើតឡើងតាំងពីជាង ៦ ឆ្នាំមកមុនមកម្លេះ។ តែទោះបីជាយ៉ាងនេះក្តី វាអាចនឹងត្រូវបានបិទចោលដូចថ្ងៃម្សិលមិញ តែក្នុងមួយពព្រិចភ្នែកប៉ុណ្ណោះ ហើយបើទោះជាទំព័រនេះ មានការទទួលស្គាល់ផ្លូវការ (មានសញ្ញាធីកពណ៌ខៀវ) ពីក្រុមហ៊ុនក៏ដោយ។
Unilad គឺជាទំព័រមួយ Facebook ដ៏មានប្រជាប្រិយបំផុតមួយនៅក្នុងលោក។ ភាគច្រើនទំព័រនេះ ចែកចាយវីដេអូ និងមាតិកាប្លែកៗចម្រុះបែបនៅជុំវិញពិភពលោក។
ទាក់ទងទៅនឹងការដែលទំព័រនេះបើកមិនចេញមួយរយៈពេលខ្លី អ្នកគាំទ្រមួយចំនួនសង្ស័យថា អាចបណ្តាលមកពីការប្រើប្រាស់ពាក្យពេចន៍អធិប្បាយបែបជេរប្រមាថ ទៅលើការបង្ហោះព័ត៌មានមួយទាក់ទងទៅនឹងការស្លាប់របស់តារាចម្រៀងរ៉េបវ័យ ២១ ឆ្នាំម្នាក់ឈ្មោះ Lil Peep នៅថ្ងៃព្រហស្បត្តិ៍។
ភ្លាមៗនេះដែរ គេមិនអាចសុំការអធិប្បាយបានពីក្រុមហ៊ុន Facebook បានឡើយ។ដោយឡែក សហគមន៍ម្ចាស់ទំព័រ Facebook មួយចំនួន បានលើកឡើងថា Unilad គួរតែត្រូវបានបិទចោល។ ពួកគេលើកសំណើរបែបនេះ គឺក្រោមហេតុផលថា Unilad នរណាក៏ដឹងដែរថា បានយកមាតិកាប្លែកៗរបស់អ្នកដទៃទៅដាក់បង្ហោះលើទំព័ររបស់ខ្លួនដោយគ្មានសុំការអនុញ្ញាតពីម្ចាស់ដើមឡើយ៕
ប្រភពព័ត៌មានៈ mashable
មតិយោបល់