យោងតាមរបាយការណ៍ថ្មីមួយពីគេហទំព័រ Nikkei ក្រុមហ៊ុន Apple បានបញ្ជាទិញអេក្រង់ OLED ប្រភេទដែលអាចពត់បានពីក្រុមហ៊ុន Samsung ចំនួន ៧០ លានបន្ទះ សម្រាប់បំពាក់ឱ្យទូរសព្ទ iPhone 8 របស់ខ្លួន។
របាយការណ៍ដដែលបានស្រង់ប្រភពពីរោងចក្រផ្គត់ផ្គង់ និងដែលបានពន្យល់ថា ខណៈ Apple កម្ម៉ង់អេក្រង់ ៧០ លានបន្ទះ ក្រុមហ៊ុន Samsung កំពុងគ្រោងនឹងផលិតចេញ ៩៥ លានបន្ទះ ឱ្យបានមុនបណ្តាច់ឆ្នាំនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងប្រឈមភាពលំបាកក្នុងការស្វែងរកប្រភពផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone 8 របស់ខ្លួន ខណៈ Samsung គឺជាជម្រើសតែមួយគត់ និងដែលមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ផលិតអេក្រង់ ហើយខ្លួនកំពុងព្យាយាមស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើក្រុមហ៊ុនគូប្រជែងរបស់ខ្លួន។
គួរបញ្ជាក់ថា iPhone 8 ដែលនឹងប្រកាសចេញនាពេលឆាប់ៗខាងមុខ នឹងបំពាក់អេក្រង់ OLED ទំហំ ៥.២ អីុញ មានគែមសងខាងកោង ហើយវានឹងដាក់លក់ក្នុងតម្លៃជាង ១ ពាន់ដុល្លារ។ បន្ថែមពីនេះ វានឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ ប៉ុន្តែ ក្រុមហ៊ុនផលិតកំពុងព្យាយាមដោះស្រាយបញ្ហាកម្តៅឡើងខ្លាំងនៅឡើយ៕

ប្រភពព័ត៌មានៈ 5to9mac
មតិយោបល់