ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនប្រេងឥន្ធនៈ Shell សហការជាមួយក្រុមហ៊ុនផលិតរថយន្តបើកស្ថានីយ៍សាកអាគុយនៅតំបន់អឺរ៉ុប

ក្រុមហ៊ុន Royal Dutch Shell Plc. កំពុងចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តធំៗបំផុតរបស់ពិភពលោក ដើម្បីពង្រីកអាជីវកម្មស្ថានីយ៍សាកអាគុយរថយន្តអគ្គីសនីនៅក្នុងតំបន់អឺរ៉ុប ខណៈខ្លួនកំពុងត្រៀមចាប់យកឱកាសអាជីវកម្មលើបំលាស់ប្តូរការប្រើប្រាស់ថាមពលកកើតឡើងវិញ នាថ្ងៃអនាគត បន្ថែមពីលើប្រេងឥន្ធនៈ។

គ្រោងការថ្មីនេះ កើតឡើងក្រោយពីក្រុមហ៊ុនប្រេងធំបំផុតលំដាប់ទីពីររបស់ពិភពលោក បានព្រមព្រៀងគ្នាជាមួយក្រុមហ៊ុន IONITY ដែលមានមូលដ្ឋាននៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងដែលជាអាជីវកម្មរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្ត BMW Group, Daimler AG, Ford Moto Co. និង Volkswagen AG ដើម្បីផ្តើមបើកដំណើរការស្ថានីយ៍សាកអាគុយរថយន្តក្នុងប្រទេសចំនួន ១០ នៅទ្វីបអឺរ៉ុប។ នេះបើតាមការប្រាប់ឱ្យដឹងពីក្រុមហ៊ុន Shell នៅថ្ងៃចន្ទ ក្នុងសេចក្តីថ្លែងការមួយ។

កិច្ចព្រមព្រៀងនេះដែរ គឺធ្វើឡើងបន្ទាប់ពី Shell បានទិញយកក្រុមហ៊ុនផ្គត់ផ្គង់ថាមពលសម្រាប់រថយន្តអគ្គីសនីធំបំផុតនៅអឺរ៉ុប ឈ្មោះ NewMotion កាលពីខែមុន ហើយខ្លួនកំពុងបោះជំហានចូលក្នុងផ្លូវនៃដំណើរវិវត្តដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ខណៈនិន្នាការពិភពលោកកំពុងបែរទៅរកការប្រើប្រាស់ថាមពលស្អាតជាចាំបាច់ ដើម្បីកាត់បន្ថយឧស្ម័នផ្ទាំងកញ្ចក់ភាយចេញពីយានយន្តដើរដោយថាមពលប្រេងឥន្ធនៈ ដែលជាដើមហេតុមួយនៃបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី។

ទីផ្សារសំខាន់ៗសម្រាប់ថាមពលស្អាត គឺមានរាប់បញ្ចូលទាំងនៅប្រទេសបារាំង ចក្រភពអង់គ្លេស និងប្រទេសចិន ហើយប្រទេសទាំងនោះ កំពុងជជែកពិភាក្សាគ្នាទៅលើអនាគតនៃការលក់រថយន្តដើរដោយថាមពលជីវឥន្ធនៈ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ខណៈក្រុមហ៊ុនផលិតថាមពលធំៗកំពុងសម្លឹងរកលទ្ធភាពដើម្បីសម្របខ្លួនជាមួយវា។

បើតាមសេចក្តីថ្លែងការដដែលបានឱ្យដឹងបន្ថែមថា​ នៅជំហានដំបូង ក្រុមហ៊ុន Shell និង IONITY នឹងបើកស្ថានីយ៍សាកអាគុយរថយន្តអគ្គីសនីចំនួន ៨០ ទីតាំង នៅស្ថានីយ៍សាំងធំបំផុតដែលមានស្រាប់របស់ខ្លួន តាមបណ្តោយមហាវិថី ជាមួយបឈ្ឈរសាកមធ្យមចំនួន ៦ នៅក្នុងមួយស្ថានីយ៍ ហើយក្នុងពេលបច្ចុប្បន្ន វាត្រូវការពេលសាកជាមធ្យមពី ៥ ទៅ​ ៨ នាទី សម្រាប់រថយន្តអគ្គីសនីមួយគ្រឿង។

ក្រុមហ៊ុន Shell បានបើកបញ្ឈរសាកអាគុយរហ័សពេញដំបូងរបស់ខ្លួនសម្រាប់រថយន្តអគ្គីសនី ឯស្ថានីយ៍ប្រេងសាំងនៅក្នុងចក្រភពអង់គ្លេស កាលពីខែមុន។ ហើយបើតាមលោក Jonh Abbott នាយកដឹកនាំជាន់ខ្ពស់នៃអាជីវកម្មថ្មីនេះ របស់ក្រុមហ៊ុនបាននិយាយកាលពីខែកញ្ញាថា ខ្លួនចង់បានប្រាក់ចំណេញបន្ថែម ពីការលក់ប្រេង ២០% ពីរថយន្តដែលមិនប្រើប្រាស់ថាលពលប្រេងម៉ាស៊ូត និងប្រេងសាំងនៅឆ្នាំ ២០២៥៕

ប្រភពព័ត៌មានៈ bloomberg

មតិយោបល់