ខណៈបច្ចេកវិទ្យាសន្តិសុខការពាររថយន្តកាន់តែទំនើប ចោរក៏កាន់តែឆ្លាតទៅតាមនោះផងដែរ។ ថ្មីៗនេះ ចោរលួចឡានមួយក្រុមមានគ្នីគ្នាពីរនាក់ បានធ្វើសកម្មភាពលួចយករថយន្តម៉ាក Mercedes ស៊េរីទំនើបមួយគ្រឿងបានដោយសុវត្ថិភាព ដោយប្រើពេលមិនដល់ ៦០ វិនាទីផង។
សកម្មភាពរបស់ពួកគេត្រូវបានថតជាប់ដោយកាមេរ៉ាសន្តិសុខបំពាក់នៅក្បែរចំណតរថយន្តនោះ ហើយត្រូវបាន CNN យកមកចុះផ្សាយ និងមានការចែកបន្តព្រោងព្រាតពេញបណ្តាញសង្គម Facebook ដោយសារតែគ្រប់គ្នាភ្ញាក់ផ្អើលបន្ទាប់ពីឃើញភាពស្ទាត់ជំនាញរបស់ជនល្មើសសម័យថ្មី។
បើតាមសេចក្តីរាយការណ៍ពី Digital Trends រថយន្តដែលត្រូវចោរលួចនោះ គឺ Mercedes-Benz W205 C-Class ដែលវាមានបំពាក់បច្ចេកវិទ្យាដ៏ទំនើប។ ទ្វាររបស់វា ចាក់ដោយកូនសោវៃឆ្លាតភ្ជាប់ដោយមុខងារ RFID ដែលប្រើលេខកូដសម្ងាត់ និងលេខសម្គាល់អត្តសញ្ញាណម្ចាស់មួយ ហើយប្រើរលកសញ្ញាដើម្បីបញ្ជូន និងផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធរថយន្តខាងក្នុងពីចម្ងាយ និងមិនមានប្រើខ្សែអ្វីឡើយ។ ពោលគឺ វាមិនប្រើកូនសោដែលមានធ្មេញសម្រាប់ចាក់ចេញ/ចូលដូចជារថយន្តធម្មតានោះទេ។
យោងតាមវីដេអូ គេអាចមើលដឹងថាចោរឯកទេសទាំងពីរ បានប្រើឧបករណ៍ RFID ពិសេសដែលមានរាងជាប្រអប់ ដើម្បីលួចចម្លងសញ្ញានៃកូដសម្ងាត់របស់កូនសោ នៅពេលម្ចាស់រថយន្តចុចបញ្ជាបើករថយន្តរបស់ខ្លួន។ ម្លោះហើយ ទើបពួកគេអាចលួចយករថយន្តនោះទៅបានដោយងាយ បីដូចជាម្ចាស់រថយន្តផ្ទាល់អីចឹង។
https://www.youtube.com/watch?v=HZIfEWVBXw4
យោងតាម CNN រថយន្ត Mercedes C-Class នោះមិនទាន់រកឃើញមកវិញនៅឡើយទេ ហើយហេតុការនេះ គឺបានកើតឡើងនៅតំបន់ Elmdon នៃសង្កាត់ Solihull ក្នុងទីក្រុង West Midlands ប្រទេសអង់គ្លេស៕
មតិយោបល់