ព័ត៌មានបច្ចេកវិទ្យា

វិធីថតវីដេអូផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គម Facebook តាមទូរសព្ទ iPhone និង Android

ការចែករំលែកព្រឹត្តិការណ៍កម្សាន្តសប្បាយ ឬសកម្មភាពទាន់ហេតុការផ្សេងៗទៅដល់ញាត្តិមិត្តជិតឆ្ងាយឱ្យបានឃើញភ្លាមៗ និងផ្ទាល់ៗ លែងជាការលំបាកទៀតហើយ នាសម័យបច្ចេកវិទ្យាចល័តនេះ។ លោកអ្នកគ្រាន់តែមានកម្មវិធី Facebook នៅលើទូរសព្ទដៃប្រភេទស្មាតហ្វូនរបស់ខ្លួន មិនថាដើរដោយប្រព័ន្ធ iOS ឬ Android នោះទេ រួចអនុវត្តតាមជំហានងាយៗដែល Post Tech លើកយកមកបង្ហាញនៅខាងក្រោមតែប៉ុណ្ណោះ។

លក្ខខណ្ឌអនុវត្ត៖

  • ទូរសព្ទត្រូវភ្ជាប់ប្រព័ន្ធអីុនធើណែតតាមប្រព័ន្ធ Wi-Fi ឬ 3G/4G
  • មានដំឡើងកម្មវិធី Facebook រួចជាស្រេច (បើមិនទាន់មានអាចទាញយកតាម AppStore, PlayStore)

របៀបអនុវត្ត៖

១- ជាដំបូង សូមបើកដំណើរការកម្មវិធី Facebook នៅលើទូរសព្ទ iPhone ឬ Android របស់លោកអ្នក

២- បន្ទាប់មក ចុចលើ “What’s on your mind?” នៅខាងលើបំផុតនៃផ្ទាំង News Feed (ផ្ទាំងសម្រាប់ដាក់បង្ហោះអត្ថបទ រូបភាព ឬវីដេអូផ្សេងៗ) រួចចុចលើប៊ូតុង “Live”

៣- បន្ទាប់មកទៀត សូមសរសេរពាក្យពេចន៍ដែលលោកអ្នកចង់ដាក់ឱ្យវាបង្ហាញនៅលើវីដេអូផ្សាយផ្ទាល់

៤- ជាបន្ត សូមចុចលើប៊ូតុង “GoLive ដែលមានភ្ជាប់រូបសញ្ញាកាមេរ៉ាវីដេអូពណ៌ក្រហម

៥- បន្ទាប់មក សូមចុចប៊ូតុង Finish នៅពេលដែលលោកអ្នកចង់បញ្ចប់ការផ្សាយផ្ទាល់។

បញ្ជាក់: លោកអ្នកក៏អាចធ្វើការថតវីដេអូផ្សាយផ្ទាល់នៅក្នុង Page ឬ Group Page នៃ Faceook របស់ខ្លួនបានផងដែរ ដោយចុចលើ Say Something ឬ Write Something រួចចុចលើរូបតាង “Live” ជាការស្រេច។

បន្ថែមពីនេះ ក្នុងអំឡុងពេលផ្សាយផ្ទាល់ ប្រសិនបើលោកអ្នកចង់បិទមិនឱ្យអ្នកមើលណាម្នាក់ឃើញវីដេអូផ្សាយផ្ទាល់របស់ខ្លួន អាចចុចលើរូប Profile របស់ពួកគេ ក្បែរប្រអប់អធិប្បាយ រួចចុចលើប៊ូតុង “Block” ជាការស្រេច៕

មតិយោបល់