កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយទៀត ដែលជាការប្រឈមមុខដ៏ធំមួយ ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មថ្មី ទៅលើកូរ៉េខាងជើង រួមទាំងការប្រកាសប្រទេសខ្លួនថា ជារដ្ឋឧបត្ថម្ភរដ្ឋអំពើភេរវកម្ម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
វាត្រូវបានគេចាត់ទុកថា ជាការធ្វើតេស្តបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែលើកដំបូងរបស់កូរ៉េខាងជើង ដែលមិនធ្លាប់មានក្នុងរយៈពេលជាងពីរខែកន្លងមក ដោយមន្ទីរបញ្ចកោណ បាននិយាយថា តេស្តនេះជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប ដែលអាចហោះបានចម្ងាយប្រហែល ១.០០០ គីឡូម៉ែត្រ មុននឹងវាធ្លាក់ចុះចូលទៅក្នុងតំបន់ដែនសមុទ្រនៃប្រទេសជប៉ុន។
សូមជំរាបថា ការធ្វើតេស្តនេះ បានជំរុញឲ្យមានការឆ្លើយតបយ៉ាងឆាប់រហ័សពីលោក ដូណាល់ ត្រាំ ដោយបានព្រមានថា «អាមេរិកនឹងចាត់វិធានការចំពោះបញ្ហានេះ» ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានលើកទ្បើងថា «វាជាអំពើហិង្សាមួយ ដែលមិនអាចអត់ឱនឲ្យបាននោះទេ»។
ទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានសង្កត់ធ្ងន់ថា ជម្រើសការទូតសម្រាប់ការដោះស្រាយបញ្ហានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង នៅតែមានលទ្ធភាព និងបើកចំហផងដែរ៕
មតិយោបល់