ព័ត៌មានបច្ចេកវិទ្យា

បន្ទះ DeX Pad ជំនាន់ថ្មី នឹងប្រែក្លាយ Galaxy S9 លើសពីកំពូលស្មាតហ្វូន!

យោងតាមរបាយការណ៍ចេញផ្សាយដោយ SamMobile បានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងបង្កើនសមត្ថភាព ព្រមទាំងមុខងារប្រើប្រាស់របស់បន្ទះ DeX Pad សម្រាប់ Galaxy S9 ដើម្បីអាចឱ្យវាប្រែក្លាយទៅជាម៉ាស៊ីនកុំព្យូទ័រមួយដ៏ទំនើបមួយ បន្ថែមពីលើមុខងារស្មាតហ្វូនលំដាប់ថ្នាក់កំពូល។

នៅឆ្នាំ ២០១៧ បន្ទះ DeX Pad ជំនាន់ដំបូង ត្រូវបានប្រកាសចេញជាមួយ Galaxy S8 ដោយវាមិនត្រឹមតែដើរតួជាឆ្នាំងសាកថ្មឥតខ្សែប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាដុំសម្រាប់តភ្ជាប់ S8 ទៅ Monitor, Mouse និង Keyboard ដើម្បីប្រើជាលក្ខណៈ​កុំព្យូទ័រលើតុដើរដោយប្រព័ន្ធ Android។

DeX Pad ជំនាន់ថ្មី បើតាមប្រភពពីគេហទំព័រស្និទ្ធនឹងក្រុមហ៊ុន Samsung ដដែលបានឱ្យដឹងថា​ វានឹងមានការរចនាសារជាថ្មី និងរក្សាមុខងារចាស់ឱ្យនៅដដែល។ ប៉ុន្តែ តាមរយៈប្រព័ន្ធ Android Oreo បំពាក់មកជាមួយ S9 វានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់យកអេក្រង់របស់ S9 ដើរតួជំនួស Keyboard និង Mouse បាន។

ដោយឡែក បើយោងតាម Galaxy Club ក្រុមហ៊ុន Samsung កំពុងធ្វើការនៅលើបន្ទះ DeX Pad ជំនាន់ថ្មី និងមិនបានផ្តល់ព័ត៌មានច្រើនអំពី ថាតើវាមានដំណើរការប្រើប្រាស់យ៉ាងដូចម្តេចនោះទេ។ ចំណែកតម្លៃក៏មិនទាន់ដឹងនោះដែរ។

គួររំឭកថា យោងតាមរបាយការណ៍មួយចំនួនបានឱ្យដឹងថា Galaxy S9 នឹងបង្ហាញវត្តមានជាមួយរចនាបទស្រដៀងទៅនឹងជំនាន់មុនរបស់វា ហើយនឹងបំពាក់បន្ទះឈីប Snapdragon 845 កាមេរ៉ាភ្លោះ ដើរលើប្រព័ន្ធ Android 8.0 Oreo ហើយវាអាចនឹងប្រកាសចេញនៅមុនពិព័រណ៌ CES ក្នុងខែមករា។ បន្ទាប់មក ក្រុមហ៊ុននឹងចាប់ផ្តើមចែកចាយលក់លើទីផ្សារក្នុងខែកុម្ភៈ ឬយ៉ាងយូរបំផុតក្នុងមិនា៕

ប្រភពព័ត៌មានៈ tomsguide

មតិយោបល់