កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវបន្ទះឈីបមេម៉ូរីទូរសព្ទជំនាន់ថ្មី ដែលមានទំហំរហូតដល់ ៥១២ ជីហ្គាបៃយ៍ និងជាបន្ទះថាមពលខ្លាំងបំផុតមិនធ្លាប់មាន។ នេះបើយោងតាមរបាយការណ៍ពី BusinessWireចុះផ្សាយលើគេហទំព័រ Mashable។
មេម៉ូរីជំនាន់ថ្មីនេះ មិនត្រឹមតែមានទំហំផ្ទុកធំមហិមា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតវីដេអូកម្រិត 4K បានម៉ាស្រឡាញ់រហុតដល់ ១៣០០ នាទី ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានថាមពល និងល្បឿនបញ្ជូនខ្លាំងផងដែរ។ ពោលគឺ វាស៊ីថាមពលថ្មតិច និងអាចបញ្ជូនទិន្នន័យលឿនជាងមេម៉ូរី MicroSD ធម្មតារហូតដល់ទៅ ៨ ដង។
បើតាមការអះអាងរបស់ក្រុមហ៊ុន វាអាចបញ្ចូនឯកសារវីដេអូទំហំ ៥ ជីហ្គាបៃយ៍ ចូល Hard Disk ប្រភេទ SSD ដោយប្រើពេលត្រឹមតែ ៦ វិនាទីប៉ុណ្ណោះ ដែលល្បឿនផ្ទេរទិន្នន័យដ៏អស្ចារ្យនេះ ក៏ផ្តល់ប្រយោជន៍ខ្លាំងដល់ការថតវីដេអូតាមទូរសព្ទដៃជាមួយកម្រិតគុណភាពខ្ពស់ផងដែរ។
Samsung ឱ្យដឹងបន្ថែមថា ឈីបមេម៉ូរីសម្រាប់បំពាក់ជាប់ម៉ាស៊ីនទូរសព្ទខាងក្នុងនេះ គឺរចនាឡើងដោយការច្របាច់បញ្ចូលគ្នានូវបន្ទះឈីប 64-Layer V-NAND ចំនួន ៨ ស្រទាប់ ដែលធ្វើឱ្យវាអាចផ្ទេរទិន្នន័យក្នុងល្បឿន ២៥៥-៨៦០ មេហ្គាបីត/វិនាទី។
ដោយឡែក បើតាមប្រភពព័ត៌មានពី Phone Arena បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងបង្កើនការផលិត វាសម្រាប់ស្មាតហ្វូនថ្ងៃអនាគត ដូចទៅនឹងឈីបមេម៉ូរីទំហំ ២៥៦ ជីហ្គាបៃយ៍ ដែលខ្លួនបានប្រកាសចេញកន្លងផងដែរ។
ទោះយ៉ាងណា ក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េមិនបានបញ្ជាក់ថា បន្ទះឈីបដ៏ខ្លាំងនេះនឹងយកទៅបំពាក់ឱ្យស្មាតហ្វូនណានោះទេ ប៉ុន្តែ គេរំពឹងថាវានឹងត្រូវចេញមកជាមួយ Galaxy S9 សម្រាប់ជម្រើសទំហំផ្ទុកទិន្នន័យធំបំផុត ៥១២ ជីហ្គាបៃយ៍៕
មតិយោបល់