ព័ត៌មានបច្ចេកវិទ្យា

គូប្រជែង​ iPhone ជំនាន់ទីពីរពី Google នឹងចេញខែតុលា ជាមួយ CPU ខ្លាំងកប់

ក្រោយពីរូបរាងក្នុងរចនាបទក្រាហ្វិចខុសៗគ្នាត្រូវបានគេទម្លាយឱ្យឃើញជាបន្តបន្ទាប់ ក្នុងមួយរយៈពេលចុងក្រោយនេះមក Google Pixel ស៊េរីបន្ទាប់ ដែលនឹងក្លាយជាគូប្រជែងដ៏មានសក្តានុពលថ្មី របស់ iPhone ឆ្នាំ ២០១៧ ត្រូវបានគេដឹងពីថ្ងៃបរិច្ឆេទប្រកាសចេញជាផ្លូវការហើយ។

បើយោងតាមអ្នកទម្លាយព័ត៌មានលាក់ការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដ៏ល្បីល្បាញ លោក Evan Blass បានបង្ហើបឱ្យដឹងតាមទំព័រ Twitter ខ្លួនថា កំពូលស្មាតហ្វូន Google Pixel ស៊េរីថ្មី ដែលមាន Pixel 2 និង Pixel 2 XL នឹងប្រកាសឡើងនៅថ្ងៃទី ៥ តុលា ខាងមុខ ហើយម៉ូឌែលថ្មីទាំងពីរ នឹងផ្តល់ថាមពលដោយបន្ទះឈីប CPU ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 836 ដែលគេឃើញបំពាក់នៅលើ ស្មាតហ្វូន Galaxy Note 8 ទើបប្រកាសចេញយប់ថ្ងៃម្សិលមិញ។

គួររំឭកថា Pixel និង Pixel XL ដែលជាស្មាតហ្វូនពាក់ស្លាកសញ្ញា Google មុនដំបូងគេ បានប្រកាសចេញនៅថ្ងៃទី ៤ តុលា ឆ្នាំមុន។ ដូច្នេះ សមាជិកគ្រួសារថ្មីរបស់វា ប្រាកដជានឹងបង្ហាញវត្តមាននៅថ្ងៃស្របាលគ្នាជាមិន​ខាន​។

កន្លងមក មានព័ត៌មានចចាមអារ៉ាមលេចឮថា Pixel 2 អេក្រង់ ៥.២ អីុញ ទំនងជាទទួលផលិតដោយក្រុមហ៊ុន HTC ខណៈ Pixel 2 XL អេក្រង់ ៦ អីុញ ហាក់នឹងត្រូវផលិតដោយក្រុមហ៊ុន LG។ បើព័ត៌មាននេះពិតដូច្នេះមែន ម៉ូឌែលទាំងពីរនឹងមានរូបរាងខុសគ្នា ខណៈម៉ូឌែលធំ ត្រូវគេរំពឹងថា នឹងបំពាក់អេក្រង់លាតស្ទើរគ្មានស៊ុម ឯម៉ូឌែលតូច នឹងមានគែមអេក្រង់ធំនៅផ្នែកខាងលើ និងខាងក្រោម។

ចំណុចខ្លាំងរបស់ទូរសព្ទដៃទំនើបរបស់ក្រុមហ៊ុនយក្ស Google មួយទៀតគឺ វានឹងដាក់ឱ្យដំណើរការលើប្រព័ន្ធ Android ជំនាន់ចុងក្រោយបង្អស់ចេញពីប្រអប់តែម្តង ដែលបច្ចុប្បន្ន វាឡើងដល់ជំនាន់ ៨ ឬហៅថា Android Oreo ហើយ៕

ប្រភពព័ត៌មានៈEvan Blass

មតិយោបល់