យោងតាមប្រភពព័ត៌មានពី TechCrunch បានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងទិញយកកម្មវិធីចាក់បទចម្រៀងដ៏ពេញនិយមមួយឈ្មោះ Shazam ក្នុងតម្លៃប្រមាណ ៤០០ លានដុល្លារ ដើម្បីបង្កើនមុខងារនៃសេវាកម្ម Apple Music របស់ខ្លួនឱ្យកាន់តែសម្បូរបែប។
កម្មវិធីចាក់ចម្រៀងស្តាប់ដែលមានអ្នកប្រើប្រាស់ប្រចាំខែចំនួនជាង ១០០ លាននាក់នេះ មានសមត្ថភាពពិសេសមួយគឺ វាអាចកំណត់អត្តសញ្ញាណបទចម្រៀងនិងពាក្យពេចន៍នៃទំនុកច្រៀងបាន តាមរយៈការចេះស្តាប់ដឹងសំឡេងនៃរបស់បទចម្រៀងទាំងនោះ។ លើសពីនេះ វាក៏អាចស្តាប់ដឹងពីកម្មវិធីទូរទស្សន៍ និងភាពយន្តផ្សេងៗផងដែរ។
ទោះយ៉ាងណា ទាំងក្រុមហ៊ុន Apple និង Shazam ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ មិនទាន់អញអាងថា ព័ត៌មាននេះថាជាការពិតនៅឡើយទេ។
ប្រសិនបើវាជាការពិតមែន ឆាប់ៗនេះសេវា Apple Music ប្រហែលជានឹងមានមុខងារពិសេស ដែលអាចស្វែងរកអត្តសញ្ញាណបទចម្រៀង ជូនលោកអ្នកបាន ដោយគ្រាន់តែលោកអ្នកបើកសំឡេងបទចម្រៀងណាមួយឱ្យវាស្តាប់ប៉ុណ្ណោះ៕
ប្រភពព័ត៌មានៈ cnet
មតិយោបល់