A L T R O Z   N E W S
ព័ត៌មានបច្ចេកវិទ្យា

Google ចេញកម្មវិធីថតរូបថ្មី ៣ សម្រាប់ iOS & Android ប្រើសុទ្ធតែ AI ដើម្បីធ្វើការ

ខណៈនិន្នាការប្រើប្រាស់កាមេរ៉ាស្មាតហ្វូនសម្រាប់ផ្តិតយករូបភាពកាន់តែកើនឡើង ក្រុមហ៊ុន Google បានអភិវឌ្ឍ និងដាក់ចេញនូវកម្មវិធីកែច្នៃថតរូប-វីដេអូថ្មីចំនួន ៣ សម្រាប់ទាញយកដោយសេរីក្នុង AppStore និង PlayStore។

ខុសពីកម្មវិធីប្រភេទដូចគ្នា​ដែលមានចំនួនច្រើនរាប់ពាន់ Google បានដាក់បញ្ចូលប្រព័ន្ធកម្មវិធីបញ្ញាសិប្បនិម្មិត AI ទៅក្នុងកម្មវិធីទាំងនោះ ដែលជួយឱ្យវាមានសមត្ថភាពធ្វើការកែច្នៃរូបភាព-វីដេអូទៅតាមមុខងាររបស់វាបានដោយស្វ័យប្រវត្តិ ដោយលោកអ្នកមិនចាំបាច់មានជំនាញឌីហ្សាញ ឬកាត់តអ្វីឡើយ។

កម្មវិធីទី ១ មានឈ្មោះថា Storyboard (មិនទាន់មានសម្រាប់ប្រព័ន្ធ iOS នៅឡើយ)។ វាអាចបំប្លែងឃ្លីបវីដេអូឱ្យទៅជារូបភាពបែបគំនូរព្រាងដែលគេច្រើនប្រើសម្រាប់ជំនួយក្នុងការចាប់ប្លង់ថតកុន ឬរៀបរាប់ពីរឿងរ៉ាវផ្សេងៗ បានយ៉ាងងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែជ្រើសរើសយកវីដេអូខ្លីមួយ រួចរុញចុះក្រោមដើម្បី Refresh វារហូតដល់អ្នកទទួលបានប្លង់ Layout មួយដែលខ្លួនចូលចិត្ត បន្ទាប់មក​ អាចចុចចែកបន្ត ឬចម្លងវាទុកបានភ្លាមៗតែម្តង។

កម្មវិធីទី ២ មានឈ្មោះថា Selfissimo (មានទាំងសម្រាប់ Android និង iOS)។ កម្មវិធីនេះ នឹងថតរូបលោកអ្នកតាមកាមេរ៉ាមុខរបស់ទូរសព្ទជាពណ៌ស-ខ្មៅ គ្រប់ពេលដែលលោកអ្នកឈប់កម្រើក បន្ទាប់មក វានឹងតម្រៀបរូបទាំងនោះបញ្ចូលគ្នាតែមួយ ប៉ុន្តែ លោកអ្នកក៏អាចចម្លងវាទុកដាច់ដោយឡែកពីគ្នាមួយៗបានផងដែរ។

កម្មវិធីទី ៣ ត្រូវបានគេឱ្យឈ្មោះថា Scrubbies (សម្រាប់ Android ពុំទាន់មាននៅឡើយ)។ កម្មវិធីនេះ អនុញ្ញាតឱ្យលោកអ្នកយកម្រាមដៃរុញលើវីដេអូទៅឆ្វេង ឬស្តាំ ដោយប្រើល្បឿនយឺត ឬលឿន ហើយវានឹងថតសកម្មភាពនោះទុក ទៅតាមចលនាដែលដៃលោកអ្នកបានអូស/រុញ។ បន្ទាប់មក វីដេអូនោះនឹងមានសកម្មភាពជាដដែលៗ ហើយលោកអ្នកអាចចម្លង ឬចែកបន្តទៅកាន់កម្មវិធីបណ្តាញសង្គមផ្សេងៗបានតែម្តង៕

 

មតិយោបល់