ប្រសិនបើលោកអ្នកកំពុងសង្ឃឹមទុកថា Galaxy S9 នឹងមានការផ្លាស់ប្តូររចនាបទ និងបច្ចេកវិទ្យាថ្មី ខុសពីជំនាន់បច្ចុប្បន្នរបស់វាច្រើននោះ លោកអ្នកប្រហែលជានឹងត្រូវខកបំណងខ្លាំងហើយ ព្រោះ Samsung ចាត់ទុកបញ្ហាសុវត្ថិភាពជាដំណោះស្រាយចម្បងដំបូងគេ។
ខណៈថ្ងៃបរិច្ឆេទប្រកាសចេញដែលត្រូវគេជឿថា នៅធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៨ ខាងមុខ រូបរាងថ្មីរបស់វាដែលបង្ហាញពីរចនាបទទាំងខាងមុខ និងខាងក្រោយយ៉ាងច្បាស់ ត្រូវបានទម្លាយឱ្យឃើញ តាមរយៈប្រភពដ៏គួរឱ្យទុកចិត្តមួយ គឺពីលោក Steve Hemmerstoffer។

តាមរយៈរូបភាពឌីហ្សាញដែលបង្ហាញឱ្យឃើញ Galaxy S9 បីមុំ អ្វីដែលគួរឱ្យខកចិត្តបំផុតនោះគឺ វាពុំមានបំពាក់បន្ទះស្កេនក្រយៅដៃនៅលើកញ្ចក់អេក្រង់ខាងមុខនោះទេ ដោយក្រុមហ៊ុននៅតែរក្សាវានៅខាងក្រោយដដែល គ្រាន់តែប្តូរពីចំហៀងកាមេរ៉ា មកខាងក្រោមវិញ។ ពោលគឺ ដូចការរំពឹងទុកពីរបាយការណ៍ក្រោយៗដូច្នេះដែរ។
បើតាមប្រភពដដែលគេហទំព័រ Forbes រួមជាមួយរូបភាពដែលបានទម្លាយឱ្យឃើញ Galaxy S9 នៅតែរក្សាដំណោះស្រាយកាមេរ៉ាក្រោយមួយ (មានភ្នែកបង្កប់ខាងក្នុងពីរជាន់) ដដែល ប៉ុន្តែ សម្រាប់ម៉ូឌែល Plus ប្រហែលអាចនឹងបំពាក់កាមេរ៉ាពីរ។

ចំណុចដែលគួរឱ្យខកចិត្តមួយផ្សេងទៀតគឺ លើការរចនាស៊ុមអេក្រង់ និងផ្ទៃខាងមុខរបស់ទូរសព្ទ ដោយវាមើលទៅមិនខុសពី Galaxy S8 នោះទេ ហើយរន្ធស៊កកាសប្រភេទ 3.5mm ក៏នៅប្រើប្រាស់ផងដែរ។
មែនទែនទៅ យោងតាមប្រភពក្រៅផ្លូវការជាច្រើនជឿថា Samsung មានលទ្ធភាពកែប្រែរចនាបទកំពូលស្មាតហ្វូនជំនាន់បន្ទាប់របស់ខ្លួនច្រើនជាងនេះ ប៉ុន្តែ ក្រុមហ៊ុនគិតគូររឿងសុវត្ថិភាពជាង ជាមួយ Galaxy S9 ដោយខ្លួនគ្រាន់តែធ្វើការបង្កើនសមត្ថភាពផ្នែក Hardware និង Software ឱ្យកាន់តែប្រសើរបន្តិចបន្តូច។ ដូចជា វានឹងប្រើប្រាស់បន្ទះឈីបកាន់តែមានល្បឿនលឿន ដែលអាចជា Snapdragon 845 និង Android Oreo 8.0 ដែលមានមុខងារកាន់តែសម្បូរបែប និងប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំងជាដើម៕

មតិយោបល់