ព័ត៌មានបច្ចេកវិទ្យា

Apple រងបណ្តឹងទម្លាក់ល្បឿន iPhone ចាស់ៗ ដើម្បីលក់ iPhone ស៊េរីថ្មីៗឱ្យកាន់តែដាច់

ក្រោយពីក្រុមហ៊ុន Apple ទទួលស្គាល់ថាខ្លួន បានដាក់ចេញនូវកំណែប្រព័ន្ធ iOS ដើម្បីបន្ថយល្បឿនដំណើរការទូរសព្ទ iPhone ស៊េរីចាស់ៗដោយចេតនា ក្រោមហេតុ​​ផលដើម្បីការពារថ្មដែលចុះខ្សោយថាមពលដែលអាចនាំឱ្យទូរសព្ទរលត់រួចមក មានម្ចាស់ iPhone 8 ម្នាក់ រស់នៅក្រុង Los Angeles បានដាក់ពាក្យបណ្តឹងតវ៉ាចំពោះទង្វើនេះរបស់ក្រុមហ៊ុន។

យោងតាម TMZ លោក Stefan Bogdanovich បានចោទប្រកាន់ចេតនារបស់ក្រុមហ៊ុនយក្សអាមេរិកថា គឺគ្រាន់តែជាលេសមួយបិទបាំងគោលបំណងក្នុងការជំរុញការលក់ទូរសព្ទ iPhone ស៊េរីថ្មីៗឱ្យបានដាច់កាន់តែច្រើនប៉ុណ្ណោះ។

លោក Bogdanovich និយាយថា «ការបន្ថយល្បឿនដំណើរការទូរសព្ទ iPhone ម៉ូឌែលចាស់ៗពីសំណាក់ក្រុមហ៊ុន Apple គឺពុំមែនជាចំណែកនៃកិច្ចព្រមព្រៀងមួយនោះទេ»។ លោកបន្ថែមថា ទង្វើនេះគឺគ្រាន់តែចង់ឱ្យមនុស្សប្តូរទៅប្រើ iPhone ម៉ូឌែលថ្មីៗប៉ុណ្ណោះ។

ទាក់ទងទៅនឹងការប្តឹងផ្តល់នេះ ក្រុមហ៊ុន Apple មិនទាន់បានឆ្លើយតប ឬផ្តល់សេចក្តីអធិប្បាយណាមួយតាមសំណើរសុំរបស់ Fox News នៅឡើយទេ។

គួររំឭកថា កាលពីថ្ងៃពុធ Apple បានចេញមុខបកស្រាយលទ្ធផលនៃការធ្វើពិ​សោ​ធន៍អំពីបញ្ហាទូរសព្ទ iPhone ស៊េរីកាន់តែចាស់ដើរកាន់តែយឺតទៅតាមអាយុកាល​ថ្ម ពីសំណាក់ក្រុមហ៊ុន GeekBench

ក្រោយពីដឹងរឿងហេតុពិតប្រាកដមក មានអ្នកប្រើប្រាស់ iPhone ជាច្រើន បានសម្តែងការមិនពេញចិត្តចំពោះទង្វើបែបនេះរបស់ក្រុមហ៊ុនផលិត តាមរយៈបណ្តាញ​សង្គមផ្សេងៗ ដូចជា Twitter។

ពួកគេមួយចំនួនថែមទាំងលើកឡើងថា Apple មិនគួរធ្វើបែបនេះ ព្រោះតែហេតុ​ផល​គ្រប់គ្រងថាមពលថ្មនោះទេ ក្រុមហ៊ុនគួរតែធ្វើការពន្យល់ពីបញ្ហាថ្មរបស់ទូរសព្ទចាស់ៗទៅដល់អ្នកប្រើប្រាស់ទើបល្អប្រសើរជាង៕

 

មតិយោបល់