កាលពីប៉ុន្មានថ្ងៃមុននេះ Google បានជួលស្ថាបត្យករបន្ទះឈីបដ៏ល្បីល្បាញម្នាក់ពីក្រុមហ៊ុន Apple គឺលោក Jonh Bruno ដែលបើតាមរបាយការណ៍ពី The Information ថា គេគឺជាបុគ្គលឆ្នើមក្នុងការរចនាប្រព័ន្ធឈីប CPU ហើយនៅ Apple និងជាអ្នកវាយតម្លៃសមត្ថភាពបន្ទះឈីបក្រុមហ៊ុនគូប្រកួតប្រជែងនានា។
ពេលថ្មីៗនេះដែរ ក្រុមហ៊ុនអិុនធើណែតយក្សអាមេរិក ក៏បានអូសទាញវិស្វករម្នាក់ឈ្មោះ Manu Gulati ពី Apple បានដោយជោគជ័យផងដែរ។ បើតាមរបាយការណ៍ លោក Manu បានបម្រើការនៅ Apple អស់រយៈពេល ៨ ឆ្នាំ ហើយជាបុគ្គលគន្លឹះនៃភាពជោគជ័យក្នុងការអភិវឌ្ឍបន្ទះឈីបស៊េរី A របស់ក្រុមហ៊ុន។
បន្ថែមពីលើនេះ នៅថ្ងៃម្សិលមិញ Google ត្រូវគេរាយការណ៍ថា បានជួលលោក Wonjae Choi និង Tayo Fadelu ពី Apple និងក្រុមវិស្វករពីក្រុមហ៊ុនផលិតបន្ទះឈីប Qualcomn ដើម្បីមកបម្រើការងារជាវិស្វករផ្នែក Hardware ឱ្យក្រុមហ៊ុនខ្លួន។
យោងតាមរបាយការណ៍ដដែល មូលហេតុដែល Google កំពុងដើរអូសទាញបុគ្គលឆ្នើមៗពីក្រុមហ៊ុនគូប្រជែងដូច្នេះ គឺដើម្បីជំរុញការរចនា និងអភិវឌ្ឍបន្ទះឈីប CPU ផ្តាច់មុខ សម្រាប់ស្មាតហ្វូនត្រកូល Pixel ខណៈបច្ចុប្បន្ន ក្រុមហ៊ុនប្រើប្រាស់បន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomn នៅឡើយ៕
ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់