“អេក្រង់អាចនឹងមានទំហំធំដល់ ៧.៣ អីុញ និងបត់ចុះឡើងបានដូចជាសៀវភៅ”
ក្រុមហ៊ុន Samsung កំពុងគ្រោងចាប់ផ្តើមផលិតទូរសព្ទអេក្រង់បត់ដំបូងបង្អស់របស់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយវានឹងបំពាក់អេក្រង់ប្រភេទ OLED ទំហំរហូតដល់ ៧.៣ អីុញ។ នេះបើយោងតាមប្រភពពីក្រុមហ៊ុនបញ្ចេញប្រាប់សារព័ត៌មានកូរ៉េ ET News។
គួររំឭកថា ច្រើនឆ្នាំមកហើយដែលស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុន Samsung ត្រូវបានលេចឮឡើងជាបន្តបន្ទាប់នោះ។ ដូច្នេះ ពេលនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េ អាចឱ្យគេជឿជាក់ថា ល្មមដល់ពេលប្រសូត្រវាឱ្យចេញជារូបរាងពិតប្រាកដហើយ។
របាយការណ៍ចុងក្រោយនេះដែរ គឺប្រដំត្រសងទៅនឹងព័ត៌មានចចាមអារ៉ាមកន្លងមកដែលថា Samsung នឹងចាប់ផ្តើមដំណើរការផលិតអេក្រង់ OLED បត់នៅខែមិនា ហើយនឹងបង្កើនការផលិតក្នុងទ្រង់ទ្រាយធំនៅខែកញ្ញា។ ប្រភពដដែលបានបន្ថែមថា ទូរសព្ទអេក្រង់នឹងប្រកាសចេញ ឬបើកបង្ហាញនៅខែធ្នូ ឬដើមឆ្នាំក្រោយ។
Samsung អេក្រង់បត់ បើតាមរបាយការណ៍ចុងក្រោយដដែល ឱ្យដឹងថា វានឹងមានរចនាបទដែលអាចបត់ចុះឡើងបានដូចជាកូនសៀវភៅមួយអីចឹងដែរ។ នៅពេលដែលវាបត់ចូល គឺមានលក្ខណៈដូចជាស្មាតហ្វូន ហើយនៅពេលបើកចេញ គឺមានលក្ខណៈដូចជាថេប្លេត៕
បែកធ្លាយ Samsung Galaxy X បង្ហាញពីរចនាបទអេក្រង់បត់ដ៏អស្ចារ្យ!
ប្រភពព័ត៌មានៈ ET News
មតិយោបល់