ព័ត៌មានបច្ចេកវិទ្យា

តិចច្រឡំដ្រូនថតកុនថ្មីអីទៅ ​តែជាដ្រូនស្រែដំបូងពីក្រុមហ៊ុន Yamaha សោះ!

Yamaha មិនមែនត្រឹមតែជាក្រុមហ៊ុនផលិតម៉ូតូធនតូចធំ ប្រហែលដូចជាលោកអ្នកគិតនោះទេ ប៉ុន្តែ ក៏ជាសហគ្រាសផលិតទូក អ៊ូប័រ ឡាន និងម៉ូតូស្គីជាច្រើនប្រភេទផងដែរ។ ហើយឥឡូវនេះទៀតសោទ ក្រុមហ៊ុនជប៉ុនមួយនេះ ក៏កំពុងរចនា និងផលិតចេញនូវដ្រូនថ្មីមួយ​មានឈ្មោះថា YMR-01។

តាមរយៈពិព័រណ៍ CES 2018 នាទីក្រុង Las Vegas យន្តហោះស្វ័យប្រវត្តិ YMR-01 គឺមិនមែនមានបំពាក់កាមេរ៉ាសម្រាប់ប្រើក្នុងវិស័យកុននោះទេ ប៉ុន្តែ សម្រាប់បម្រើតែក្នុងវិស័យកសិកម្ម ចុះទៅតាមដីស្រែ ឬចម្ការតែប៉ុណ្ណោះ។ វាត្រូវបានរចនាឡើងជាមួយជើង ៦ តែមានស្លាបចាក់ ៨​ ដោយជើងកណ្តាលគឺមានបំពាក់ស្លាបពីរត្រួតលើគ្នា ដែលនេះ គឺដើម្បីផ្តល់ប្រសិទ្ធភាពខ្ពស់បំផុតក្នុងការជ្រែកខ្យល់។

ចំណែកតួខ្លួន ត្រូវបានផលិតឡើងដោយសារធាតុកាបូនទម្ងន់ស្រាល ងាយស្រួលក្នុងការបម្លាស់ទី ចុះចត ឬហោះឡើង និងអាចឱ្យវាធ្វើការបាច់ថ្នាំកសិកម្មបានយ៉ាងល្អប្រសើរលើផ្ទៃដីមួយហិតាម្តងបាន។ បច្ចេកវិទ្យាដ្រូនថ្មីនេះ គឺមានភាពប្រសើរជាងខ្លាំង ធៀបទៅនឹងផលិតផលឧទ្ធម្ភចក្រសម្រាប់បម្រើក្នុងវិស័យដូចគ្នារបស់ក្រុមហ៊ុន ដែល​មានទំហំធំជាង ធ្ងន់ជាង តែអាចបាច់ថ្នាំលើផ្ទៃដីតូចជាង។

តាមការគូសបញ្ជាក់ពីក្រុមហ៊ុន ដ្រូន YMR-01 នឹងធ្វើការចែកចាយលក់តាមរយៈបណ្តាញលក់ឈ្មោះ Yamabiko ហើយខ្លួនក៏មានផ្តល់ជូននូវវគ្គបណ្តុះបណ្តាលខ្លី អំពីរបៀបបញ្ជាវាផងដែរ៕

សម្រាប់ប្រទេសកម្ពុជាយើង ប្រសិនបើកសិករមានដ្រូននេះប្រើមិនដឹងជាវិសេសវិសាលប៉ុនណានោះទេ!

ប្រភពព័ត៌មានៈ dronedj

មតិយោបល់