បច្ចុប្បន្ន ថ្មទូរសព្ទចល័តកំពុងក្លាយជាសមាសធាតុផ្សំដែលគួរយកចិត្តទុកដាក់បំផុតមួយ ទាំងពីសំណាក់អ្នកប្រើប្រាស់ និងក្រុមហ៊ុនអ្នកផលិត គឺបន្ទាប់ពីករណីផ្ទុះឆេះដោយសារវាកើតមានជាបន្តបន្ទាប់ ហើយខ្លះបានបង្កឱ្យមានរបួសស្នាម ឬស្លាប់ក៏មាន។ បញ្ហាទាំងនេះ ជារួម ត្រូវបានក្រុមអ្នកជំនាញរកឃើញថា គឺកើតឡើងដោយសារកត្តាពីរធំៗគឺ ទីមួយ គឺដោយសារទង្វើអ្នកប្រើប្រាស់ និងទីពីរ គឺដោយសារថ្ម និងឧបករណ៍ពាក់ព័ន្ធនឹងវាមានបញ្ហាជាដើម។
ដោយមើលឃើញពីបញ្ហានេះ Post Tech សូមលើកយកនូវទង្វើខុសឆ្គងចំនួន ៩ ចំណុច ដែលអ្នកប្រើប្រាស់ទូរសព្ទភាគច្រើនធ្វើឡើងដោយមិនដឹងខ្លួន ខណៈដែលវាអាចនាំឱ្យពួកគេប្រឈមនឹងគ្រោះថ្នាក់កើតឡើងដោយសារទូរសព្ទផ្ទុះឆេះ ឬឆ្លងចរន្តជាយថាហេតុណាមួយបាន៖
១– ប្រើប្រាស់ទូរសព្ទក្នុងពេលកំពុងសាកថ្ម
ដោយសារតែពេលខ្លះតម្រូវការនៃការប្រើប្រាស់ទូរសព្ទមានខ្ពស់ខ្លាំងពេក លោកអ្នកមួយចំនួនចេះតែឈ្លាតបន្តការប្រើទូរសព្ទរបស់ខ្លួនទាំងវាកំពុងដោតសាកថ្ម បើទោះដឹង ឬមិនដឹងថាទង្វើនោះ ត្រូវបានក្រុមអ្នកជំនាញ រួមទាំងរោងចក្រផលិតនានាផងដែរ ហាមខាត់មិនឱ្យធ្វើ ព្រោះវាអាចបណ្តាលឱ្យថ្មទូរសព្ទឡើងកម្តៅខ្លាំង ឬនាំឱ្យផ្ទុះឆេះបាន ជាពិសេសការដោតសាកផង បើក 4G ឬ 3G ដើម្បីលេងហ្គេម ឬ Facebook ផង ជាដើម។

២– មិនដឹងថាខ្លួនប្រើឆ្នាំងសាកក្លែងក្លាយ
នៅលើទីផ្សារសព្វថ្ងៃ ឆ្នាំងសាកថ្មទូរសព្ទមានក្លែងក្លាយច្រើនណាស់ ហើយពិបាកនឹងកត់ដឹងទៀតផង។ ពេលខ្លះ លោកអ្នកមួយចំនួនមិនដឹងថាខ្លួនកំពុងប្រើប្រាស់របស់ក្លែងក្លាយនោះទេ គឺដោយសារតែពេលទិញ វាត្រូវបានគេធានាថាជារបស់សុទ្ធ។ ដើម្បីជៀសវាងបញ្ហានេះ លោកអ្នកគួរតែទិញឆ្នាំងណាដែលមានម៉ាកសញ្ញាត្រឹមត្រូវ ឬពីហាងដែលគួរជាទុកចិត្ត ឬបើអាចគួរទិញពីក្រុមហ៊ុនទូរសព្ទផ្ទាល់ទើបជាការប្រសើរ។ ក្នុងនោះ ប្រសិនបើលោកអ្នកប្រើផលិតផលទូរសព្ទរបស់ Apple សូមទិញឆ្នាំងសាកណាមានបិទតែម “Made for iPhone/iPad” ដោយនេះមានន័យថា វាជាឆ្នាំងសាកមានការទទួលស្គាល់ពីក្រុមហ៊ុនផ្ទាល់។

៣– ប្រើឆ្នាំងសាកតាមរថយន្តផ្តេសផ្តាស់
ការប្រើប្រាស់ឆ្នាំងសាកថ្មទូរសព្ទតាមរថយន្ត នឹងកាន់តែប្រឈមបញ្ហាប្រសិនបើវាជាឆ្នាំងសាកគ្មានគុណភាព ដោយសារតែការផ្លាស់ទីរបស់រថយន្ត អាចនាំឱ្យចរន្តអគ្គិសនីរត់ចូលទៅថ្មទូរសព្ទមិនឋិតថេរ និងមិនគ្រប់បាន។ ម្លោះហើយ លោកអ្នកគួរតែរកទិញឆ្នាំងសាកណាដែលបិទតែមបញ្ជាក់គុណភាពពីក្រុមហ៊ុន Apple ផ្ទាល់ទើបគួរជាទីទុកចិត្ត។

៤– យកឆ្នាំងសាក Tablet ទៅសាកទូរសព្ទ
លោកអ្នកដែលគិតថា ឆ្នាំងសាកថ្មសម្រាប់ iOS Devices គឺតែមួយ សូមគិតម្តងទៀត ព្រោះឆ្នាំងសាកសម្រាប់ពពួក iPad គឺប្រើកម្លាំងភ្លើង 2.1 អំពែរ ឯពពួក iPhone គឺប្រើត្រឹមតែ 1 អំពែរ ប៉ុណ្ណោះ។ ភាពខុសគ្នានេះ ក្រុមហ៊ុន Apple បានអះអាងថា វានឹងមិនធ្វើឱ្យខូចដល់ទូរសព្ទ iPhone នោះទេ ប៉ុន្តែ ក្រុមហ៊ុនបញ្ជាក់ថា វានឹងធ្វើឱ្យ iPhone កើនកម្តៅលើសពីធម្មតាបាន ហើយវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ផ្នែកណាមួយរបស់ទូរសព្ទ។
៥– សាកទូរសព្ទចោលយូរពេក
យោងតាមការពិសោធរបស់ក្រុមជំនាញ បានរកឃើញថា ការសាកថ្មទូរសព្ទយូរពេក នឹងកាត់បន្ថយប្រសិទ្ធភាពថាមពលរបស់វា។ ប្រសិនបើថ្មទូរសព្ទរបស់លោកអ្នកនៅ ៨០ ភាគរយ សូមកុំសាកវាអី ហើយបន្តប្រើវាតទៅទៀតចុះ ហើយបើទុកឱ្យវាស្រកអស់រហូតដល់ 0% ក៏បាន គឺវាអាចជួយរក្សាអាយុកាល និងថាមពលថ្មឱ្យនៅឋិតថេរយូរអង្វែងបាន។
៦– ប្រើថ្មគ្មានគុណភាព ឬក្លែងក្លាយ
ទូរសព្ទដើរដោយប្រព័ន្ធ Android ភាគច្រើនអាចដោះដូរថ្មចុះឡើងបានយ៉ាងងាយស្រួល។ ម្លោះហើយ នៅពេលដែលលោកអ្នកទិញថ្មថ្មី ឬបម្រុងទុកសម្រាប់ទូរសព្ទរបស់ខ្លួន សូមជ្រើសរើសថ្មណាដែលមានគុណភាពល្អ ឬថ្មផលិតចេញពីក្រុមហ៊ុនទូរសព្ទផ្ទាល់ ព្រោះថ្មអាយអាចមិនមានគុណភាព និងប្រើមិនបានយូរ ហើយវាក៏អាចងាយនឹងផ្ទុះឆេះថែមទៀតផង។

៧– ថ្មរបស់ទូរសព្ទចាស់ពេក
លោកអ្នកដែលប្រើទូរសព្ទយូរឆ្នាំ រហូតដល់ថ្មរបស់វាលែងកាន់ ឬសាកពេញម្តងប្រើបានត្រឹមតែកន្លះថ្ងៃ គួរតែធ្វើការផ្លាស់ប្តូរវាចេញទៅ ព្រោះបើតាមស្តង់ដាថ្មដែលអ្នកជំនាញកំណត់ទុក គឺគួរប្តូរមួយឆ្នាំម្តង ទើបជាការប្រសើរ។
៨– ថ្មទូរសព្ទខូចខាតទ្រង់ទ្រាយដើម
ប្រសិនបើថ្មទូរសព្ទរបស់លោកអ្នកមានការមានការខូចខាត ឬក៏រីកប៉ោងខុសពីទ្រង់ទ្រាយដើមដោយប្រការណាក៏ដោយ សូមប្រញ៉ាប់ប្តូរវាចេញទៅ ព្រោះវាឱ្យបណ្តាលឱ្យសារធាតុធ្យូងថ្ម ឬលីចូមដែកលេចធ្លាយចេញមកក្រៅ ហើយអាចបង្កឱ្យមានការឆាបឆេះ ឬផ្ទុះបាន នៅពេលដែលវាប៉ះចំប្រភពចរន្តអគ្គិសនី។ មួយវិញទៀត នៅពេលដែលលោកអ្នកទិញថ្មថ្មីក៏ដោយ ក៏ត្រូវពិនិត្យមើលវាឱ្យបានម៉ត់ចត់ដែរ ដើម្បីធ្វើឱ្យប្រាកដថា វាគ្មានស្នាមក្រពិត ដាច់ដោច ឬធ្លុះធ្លាយអ្វីឡើយ។

៩– ប្រើសម្បកទូរសព្ទបំពាក់ថ្មជំនួយបន្ថែម
ការប្រើប្រាស់សម្បក ឬក៏ស្រោមទូរសព្ទដែលមានភ្ជាប់ថ្មជំនួយបន្ថែម ពិតណាស់ វាមានប្រយោជន៍ជួយឱ្យទូរសព្ទរបស់លោកអ្នកបន្តការប្រើប្រាស់បានយូរ ប៉ុន្តែ វាក៏អាចបំផ្លាញថ្មជាប់ទូរសព្ទផងដែរ ប្រសិនបើសម្បកនោះ គ្រប ឬស្រោបទូរសព្ទមិនបានហឹបណែនល្អ ១០០%។ ម្យ៉ាងទៀត ថ្មដែលភ្ជាប់ជាមួយសម្បកទាំងនោះមួយចំនួន អាចនឹងជាថ្មចាស់ ថ្មកែថ្មី ឬថ្មដែលមិនត្រូវជាមួយទូរសព្ទរបស់លោកអ្នកក៏ថាបាន។ ត្រង់ចំណុចនេះ លោកអ្នកគួរប្រើដុំផ្ទុកថាមពលថ្មជំនួយប្រភេទ Power Bank ទើបជាការប្រសើរ៕
មតិយោបល់