បន្ទាប់ពីផ្ទុះរឿងអាស្រូវដ៏កក្រើកមួយរបស់តារា YouTube ដ៏ល្បីល្បាញឈ្មោះ Logal Paul ដែលមានចំនួន Subscriber រហូតដល់ ១៥ លានរួចមក ក្រុមហ៊ុន Google បានដាក់ចេញនូវគោលការណ៍ថ្មីមួយ សម្រាប់កម្មវិធីបណ្តាញសង្គមវីដេអូរបស់ខ្លួន និងដែលអាចធ្វើឱ្យអ្នកបង្កើតវីដេអូមួយចំនួនធ្លាក់ចុះកម្រៃបានមកពីពាណិជ្ជកម្មលើវីដេអូរបស់ពួកគេ។
តាមរយៈគោលការណ៍ថ្មីនោះ ក្រុមហ៊ុន Google នឹងប្រើប្រាស់មនុស្សត្រួតពិនិត្យដោយផ្ទាល់ទៅលើមាតិកាវីដេអូល្បីៗដែលបង្ហោះផ្សាយតាមបណ្តាញ YouTube ហើយបើមាតិកានោះបំពេញតាមលក្ខន្តិកៈនៃ Ad-Friendly Guideline ថ្មីរបស់ខ្លួន ក្រុមហ៊ុននឹងចេញសញ្ញាសម្គាល់គ្រីសមួយដែលមានឈ្មោះថា Google Preferred ហើយពាណិជ្ជកម្មនឹងអាចដំណើរការតែទៅលើវីដេអូណាដែលមានសញ្ញានោះប៉ុណ្ណោះ។
ម្យ៉ាងទៀត បណ្តាក្រុមហ៊ុនផ្សព្វផ្សាយនានា អាចជ្រើសរើសដាក់ពាណិជ្ជកម្មរបស់ខ្លួនតែនៅលើបណ្តាញវីដេអូណាដែលមានសញ្ញា Google Preferred បានផងដែរ។
ដោយឡែក ពីមុនមកអ្នកបង្កើតវីដេអូបង្ហោះអាចចូលរួមជាមួយ YouTube Partner Program (YPP) ដើម្បីទទួលបានការដាក់បញ្ចូលពាណិជ្ជកម្មនៅលើវីដេអូរបស់ពួកគេ ប្រសិនបើពួកគេមានចំនួនអ្នកមើលលើសពី ១០,០០០ នាក់។ ប៉ុន្តែ ឥឡូវ ពួកគេនឹងចាំបាច់ត្រូវមានចំនួន Subscriber ដល់ ១០០០ នាក់ នៅលើបណ្តាញរបស់ខ្លួន និងវីដេអូរបស់ពួកគេ មានអ្នកមើលក្នុងរយៈពេលសរុប ៤,០០០ ម៉ោង គិតត្រឹម ១២ ខែចុងក្រោយ។
យោងតាមការឱ្យដឹងពីក្រុមហ៊ុន ដំណើរការពិនិត្យមាតិកាវីដេអូលើបណ្តាញ YouTube ល្បីៗ ដើម្បីចេញសញ្ញា Google Preferred នឹងរួចរាល់នៅពាក់កណ្តាលខែកុម្ភៈ គិតក្នុងសហរដ្ឋអាមេរិក ហើយសម្រាប់ប្រទេសដទៃផ្សេងទៀត នឹងបញ្ចប់នៅបណ្តាច់ខែមិនា។

គួររំឭកថា ក្រុមហ៊ុន Google បានជួលបុគ្គលិកសម្រាប់ត្រួតពិនិត្យខ្លឹមសាររូបភាព-វីដេអូរាប់ពាន់នាក់បន្ថែម បន្ទាប់ពីរូបភាពវីដេអូដែលខ្វះក្រមសីលធម៌ត្រូវបានដាក់បង្ហោះកាន់តែច្រើនឡើងៗនៅលើបណ្តាញ YouTube ជាពិសេសបន្ទាប់ពីលោក Logan Paul បានបង្ហោះរូបជនរងគ្រោះដោយអំពើអត្តឃាតក្នុងវីដេអូរបស់លោកមួយ ដែលនាំឱ្យមានការផ្ទុះកំហឹងពីសាធារណជន កាលពីពេលថ្មីៗនេះ៕
ប្រភពព៏ត៌មានៈ theguardian
មតិយោបល់