ក្រោយពីរងការរិះគន់ និងបណ្តឹងជុំទិសកាលពីចុងឆ្នាំមុន ដោយសារតែរឿងចេតនាពន្យឺតល្បឿនដំណើរការទូរសព្ទ iPhone ស៊េរីចាស់ៗតាមអាយុកាលថ្មរបស់វារួចមក ក្រុមហ៊ុន Apple ទីបំផុតទៅ បានដាក់បញ្ចូលនូវកម្មវិធីសម្រាប់ឱ្យអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនឆែកសុខភាពថ្មទូរសព្ទរបស់ពួកគេ តាមរយៈកំណែ iOS 11.3 ជំនាន់សាកល្បងទី២។
កម្មវិធីនេះ គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយពីរដែលក្រុមហ៊ុនសន្យាថានឹងដាក់ចេញសម្រាប់ឆ្លើយតបទៅនឹងរឿងដែលអតិថិជនជាច្រើនចោទប្រកាន់ថា ទង្វើរបស់ក្រុមហ៊ុនខាងលើគឺដើម្បីជំរុញកំណើនលើផលិតផលចេញថ្មីៗរបស់ខ្លួន។ ដោយដំណោះស្រាយទីពីរ គឺ Apple បានផ្តល់ជូននូវតម្លៃពិសេសសម្រាប់ការប្តូរថ្ម iPhone ថ្មី ពី ៧៩ ដុល្លារ មកនៅត្រឹម ២៩ ដុល្លារ។
ចំពោះកម្មវិធីឆែកសុខភាពថ្មនោះដែរ វាឋិតនៅជាជំនាន់សាកល្បងនៅឡើយទេ និងមានឈ្មោះថា Battery Health (Beta)។ នៅពេលដែលលោកអ្នកបើកវាឡើង វានឹងបង្ហាញសមត្ថភាពរបស់ថ្មដែលកំពុងមាន ឬនៅសល់ជាភាគរយ ហើយប្រសិនបើវាចុះខ្សោយដល់កម្រិតមួយទាបខ្លាំង វានឹងណែនាំដល់លោកអ្នកឱ្យទៅប្តូរថ្មថ្មី។

បន្ថែមពីលើនេះ វាក៏អនុញ្ញាតឱ្យលោកអ្នកដឹងពីការប្រើប្រាស់ថាមពលរបស់ថ្ម និងថាតើ CPU របស់ iPhone កំពុងត្រូវបានពន្យឺតដែរឬទេ។ បើសិនដូច្នោះមែន លោកអ្នកមានជម្រើសដើម្បីបិទការពន្យឺតនោះបាន ប៉ុន្តែ ត្រូវប្រឈមនឹងការដែលម៉ាស៊ីនទូរសព្ទរលត់ជាយថាហេតុ។
សម្រាប់ប្រិយមិត្តដែលចង់ដំឡើងប្រព័ន្ធប្រតិបត្តិការលើទូរសព្ទ iPhone របស់ខ្លួនឱ្យឡើងដល់ជំនាន់ iOS 11.3 beta 2 នេះ សូមចុចលើតំណភ្ជាប់ទៅកាន់វីដេអូបង្ហាញរបស់ Post Tech នេះ៖វិធីដំឡើង iOS 11.3 ជំនាន់សាកល្បងលើ iPhone
មតិយោបល់