ព័ត៌មានបច្ចេកវិទ្យា

កាត SafeDome បំពាក់បច្ចេកវិទ្យា IOT ការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន មកដល់ទីផ្សារកម្ពុជា

ភ្នំពេញ៖នៅថ្ងៃទី 31 ខែមករា ឆ្នាំ 2018 ក្រុមហ៊ុន Onefill International បានទទួលសិទ្ធិផ្តាច់មុខក្នុងការចែកចាយផលិផតផលពីក្រុមហ៊ុន Maxwell Forest នៅក្នុងតំបន់ទន្លេមេគង្គនោះ បានប្រកាសនាំមកនូវផលិតផលថ្មីមួយនៅក្នុងប្រទេសកម្ពុជា តាមរយៈនៃការបើកសម្ពោធជាផ្លូវការនៅសណ្ឋាគារ The Great Duke ក្រោមវត្តមានភ្ញៀវកិត្តិយស និងតំណាងចែកចាយជាច្រើនរូប។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Onefill International បានឱ្យដឹងថា Maxwell Forest គឺជាកុមហ៊ុនមួយដែលមានភាពល្បីល្បាញផ្នែករចនាឧបករណ៏បច្ចេកវិទ្យាដែលលក្ខណៈតូចៗ និងផ្តោតលើប្រព័ន្ធហិរញ្ញវត្ថុ និងសន្តិសុខបានធ្វើការដាក់បង្ហាញនៅផលិតផលបច្ចេកវិទ្យាតាមដានមួយប្រភេទឈ្មោះថា SafeDome ដែលមានរូបរាងតូច ស្តើងស្រដៀងទៅនឹង ATM Card, Credit Card…។

លោក យៀប ហូសេង អ្នកគ្រប់គ្រងទិន្នន័យនៃក្រុមហ៊ុនប្រចាំតំបន់ទន្លេមេគង្គ បានអោយដឹងថា ផលិតផលដែលក្រុមហ៊ុននាំចូល មកកាន់កម្ពុជានាពេលនេះ មានឈ្មោះថា SafeDome បំពាក់បច្ចេកវិទ្យា IOT (Internet of Things) ដែលវាអាចការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់យើងម្នាក់ៗបាន។ ជាឧទាហរណ៍ នៅពេលយើងធ្វើដំណើរទៅទីណាមួយតាមជើងយន្តហោះ ឬធ្វើដំណើរទៅណា​មក​ណាដោយមានអីវ៉ាន់ច្រើន តែនៅពេលដែលភ្ជាប់ឧបករណ៍មួយនេះ ជាមួយនឹងទូរសព្ទដៃ ហើយដាក់ឧបករណ៍នោះជាប់ជាមួយទ្រព្យសម្បត្តិណាដែលសំខាន់នៅ​ពេលដែលយើងចេញឆ្ងាយពីវាប្រមាណ 30 ម៉ែត្រ ទូរស័ព្ទយើងនឹងផ្ដល់ជាសញ្ញាឱ្យដឹងភ្លាមថា យើងបានភ្លេចអីវ៉ាន់ណាមួយហើយ។

លោកបន្តថា កន្លងមកលោកខ្លួនឯងក៏ដូចជាអ្នកដទៃសុទ្ធតែធ្លាប់ភ្លេចរបស់ដែល​មានតម្លៃជាប់នឹងខ្លួន តែពេលខ្លះក៏បានរកឃើញមកវិញ ហើយពេលខ្លះក៏រកមិនឃើញ។ ដូចនេះហើយ ដើម្បីការពារទ្រព្យសម្បតិ្តដែលមានតម្លៃនៅជាប់នឹងខ្លួន ទើបលោកសម្រេចសហការជាមួយនឹងក្រុមហ៊ុន Maxwell Forest នាំចូល​កាត SafeDome នេះ មកកាន់ប្រទេសកម្ពុជា តែម្តង។

លោក Richard Wong នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានឱ្យដឹងថា បច្ចេកវិទ្យានេះកំពុងទទួលបានការនិយមប្រើប្រាស់នៅបណ្ដាប្រទេសជាច្រើន ដូចជា អាមេរិក អូស្ត្រាលី សិង្ហបូរី និងបណ្ដាប្រទេសនៅសហភាពអឺរ៉ុប។ លោកបន្តថា មុខងាររបស់ឧបករណ៍នេះ អាចឱ្យយើងដឹងពីការភ្លេចរបស់របរផ្សេងៗ ដូចជាកាបូបលុយ កុំព្យូទ័រ កាតាប វ៉ាលី និងលិខិតឆ្លងដែនជាដើម ព្រោះថា នៅក្នុងបន្ទះកាតមានផ្ទុកនៅប្រព័ន្ធតាមដាន GPS ដែលអាចផ្ដល់ដំណឹងមកកាន់ទូរសព្ទរបស់យើងភ្លាមៗនៅក្នុងគំលាតពីទូរសព្ទ ៣០ ម៉ែត្រ គឺពិតជាងាយស្រួល គ្រាន់តែដំឡើងនៅក្នុងកម្មវិធីទូរស័ព្ទដៃហើយភ្ជាប់ Bluetooth ទៅនឹងកាតជាការស្រេចបន្ទាប់មកគ្រាន់តែយកកាតនោះទៅដាក់ក្នុងរបស់របរដែលចង់ការពារ ជាការស្រេច ៕

មតិយោបល់