ព័ត៌មានបច្ចេកវិទ្យា

Qualcomm នឹងនាំយកម៉ូឌឹម 5G សម្រាប់ស្មាតហ្វូនក្រុមហ៊ុនជាង១០ នៅឆ្នាំ​ ២០១៩

ចាប់តាំងពីស្តង់ដាបច្ចេកវិទ្យាអិុនធើណែត 5G ត្រូវបានកំណត់ចេញ និងទទួលស្គាល់កាលពីពីរខែមុនរួចមក​ ក្រុមហ៊ុនជាច្រើនបានដុតដៃដុតជើងក្នុងការប្រណាំងប្រជែងគ្នានាំយកបច្ចេកវិទ្យាថ្មីនេះសម្រាប់បំពាក់ឱ្យឧប​ករណ៍ចល័តជំនាន់បន្ទាប់របស់ខ្លួនរៀងៗខ្លួន។

ក្នុងនោះក្រុមហ៊ុនផលិតស្មាតហ្វូនរហូតដល់ទៅជាង ១០ រាប់បញ្ចូលទាំងក្រុមហ៊ុន Samsung (ដៃគូសហការរបស់ Qualcomm), LG, Sony Mobile, HTC, Xiaomi និង ZTE បានប្តេជ្ញាចិត្តរចនាទូរសព្ទដែលអាចគាំទ្របន្ទះឈីបម៉ូឌឹម 5G របស់ក្រុមហ៊ុន Qualcomm ឱ្យបានរួចរាល់នៅឆ្នាំក្រោយ។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ Engadget ចេញផ្សាយថ្ងៃម្សិលមិញ។

ដំណើរវិវឌ្ឍនៃបច្ចេកវិទ្យាអិុនធើណែតនេះ គឺនឹងមិនអាចធ្វើទៅបានឡើយបើគ្មានការចូលរួមពីរក្រុមហ៊ុនប្រតិ​បត្តិករអិុនធើណែត។ ម្លោះហើយ ទន្ទឹមនឹងការប្តេជ្ញាចិត្តនោះ ក្រុមហ៊ុនផ្គត់ផ្គងបណ្តាញអិុនធើណែតធំៗរបស់អាមេរិក AT&T, Verizon, Wireless, និង Sprint ក៏ដូចជាក្រុមហ៊ុន Vodafone, Telstra, Deutsche Telekom, NTT Docomo និង Chind Mobile ក៏កំពុងធ្វើការស្របទិសដៅគ្នាផងដែរ។

ដោយឡែក ក្រុមហ៊ុន Huawei និង Apple មិនបានឋិតក្នុងបញ្ជីឈ្មោះក្រុមហ៊ុនជាង១០ ខាងលើនោះទេ ដោយ Huawei គឺគេជាក្រុមហ៊ុនទូរគមនាគមន៍ដែលផលិតបន្ទះឈីបផ្ទាល់ខ្លួន ខណ: Apple កំពុងតតាំងគ្នាលើផ្លូវច្បាប់ជាមួយក្រុមហ៊ុន Qualcomm។

គួរបញ្ជាក់ថា បច្ចុប្បន្ន បណ្តាញអិុនធើណែត 5G សម្រាប់ទូរសព្ទចល័តរបស់ក្រុមហ៊ុន AT&T កំពុងដាក់សាក​ល្បងជាបណ្តើរៗហើយនៅក្នុងទីក្រុងមួយចំនួននៃសហរដ្ឋអាមេរិក។ ដូច្នេះ ពិភពលោកប្រហែលជាមិនត្រូវការពេលរង់ចាំយូរទៀតឡើយដើម្បីទទួលយកនូវបទពិសោធនៃសេវាអិុនធើណែតជំនាន់បន្ទាប់ 5G នោះ៕

 

មតិយោបល់