ក្រុមហ៊ុន Samsung បានសម្រេចបញ្ឈប់ការបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទ Galaxy S8 និង S8 Plus ទាញយកនូវកំណែ Android Oreo 8 ដែលទើបតែដាក់ចេញកាលពីថ្ងៃចន្ទ បន្ទាប់ពីខ្លួនរកឃើញថា វាធ្វើឱ្យម៉ាស៊ីនទូរសព្ទមួយចំនួនមានបញ្ហា Restart ដោយគ្មានមូលហេតុ។ នេះបើយោងតាមសេចក្តីថ្លែងមួយរបស់ក្រុមហ៊ុនផ្តល់ដល់គេហទំព័រ SamMobile។
បញ្ហានោះ ត្រូវបានក្រុមហ៊ុន Samsung គូសបញ្ជាក់ថា កើតឡើងលើ Galaxy S8 និង S8 Plus ក្នុងចំនួនដ៏តិចតួចមួយ ប៉ុន្តែ វាល្មមឱ្យខ្លួនត្រូវផ្អាកការបើកឱ្យអតិថិជនទាញយក ហើយរងចាំកំណែថ្មីមួយផ្សេងទៀត ដែលវានឹងលុបបំបាត់បញ្ហាកំពុងកើតមានឡើងនេះ។
ទោះយ៉ាងណា កំណែ Android Oreo សម្រាប់ Galaxy ស៊េរី S8 មិនទាន់ត្រូវបានបើកឱ្យអ្នកប្រើប្រាស់ទាញយកទូទាំងពិភពលោកនៅឡើយទេ។ ពោលគឺ វាត្រូវបានបញ្ចេញតែនៅក្នុងប្រទេសឥណ្ឌា និងបណ្តាប្រទេសមួយចំនួនតូចនៃតំបន់អឺរ៉ុប និងអាស៊ីបូព៌ាប៉ុណ្ណោះ បន្ទាប់ពីបានសាកល្បងអស់រយៈពេលជាច្រើនខែ។ ដូច្នេះ ផលប៉ះពាល់គួរតែមានទៅលើអ្នកប្រើប្រាស់ក្នុងចំនួនតិចតួចប៉ុណ្ណោះ៕
មតិយោបល់