ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ញ៉ាំច្រើនផ្តល់ផលអាក្រក់បំផុតសម្រាប់បេះដូង

បេះដូង គឺជាផ្នែកមួយដ៏សំខាន់បំផុត ព្រោះវាមានតួនាទីផ្គត់ផ្គង់ឈាម និងអុកស៊ីសែន ទៅគ្រប់ផ្នែកផ្សេងៗទាំងអស់នៃសរីរាង្គនៅក្នុងរាង្គកាយ។ ហេតុនេះហើយ ដើម្បីរក្សាបេះដូង ឲ្យដំណើរការបានល្អ អ្នកគួរតែត្រួតពិនិត្យទៅលើរបបអាហារ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។

ប៉ុន្តែបើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ការទទួលទានអាហារដែលមានជាតិខ្លាញ់ ជាតិសូដ្យូម និងកូលេស្តេរ៉ុលខ្ពស់ អាចបង្កើនហានិភ័យនៃជំងឺបេះដូង និងគាំងបេះដូង។ ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលអ្នកគួរតែជៀសវាង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បេះដូង៖

មាន់បំពង
មាន់បំពង គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សភាគច្រើន ព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែការទទួលទានច្រើនពេកអាចបង្កឲ្យមានគ្រោះថ្នាក់។ សាច់មាន់បំពង មានជាតិខ្លាញ់ ៦៣ក្រាម កូលេស្តេរ៉ុល ៣៥០មីលីក្រាម និងកាឡូរី ៩២០ ដែលបង្ហាញថាវាមានផលអាក្រក់បំផុតសម្រាប់ បេះដូង ដោយសារតែវាអាចជំរុញឲ្យកូលេស្តេរ៉ុលកើនឡើងខ្លាំង។

សាច់ក្រកហតដក
តើអ្នកដឹងទេ ការទទួលទានសាច់ក្រកហតដក អាចបណ្តោលឲ្យគ្រោះថ្នាក់ដល់បេះដូង និងខូចសរសៃឈាម? ពិតណាស់ សាច់ក្រកហតដក មានផ្ទុកបរិមាណនៃជាតិខ្លាញ់ឆ្អែត និងសូដ្យូមខ្ពស់។ នៅក្នុងសាច់ក្រកហតដក ទម្ងន់ ១០០ក្រាម មានផ្ទុក ៣០១កាឡូរី ដែលអាចរារាំងដល់សរសៃឈាមអាក់ទែ និងប៉ះពាល់ជាខ្លាំងដល់បេះដូង។

ប៊ឺរហ្គឺ
តើអ្នកចូលចិត្តញ៉ាំ ប៊ឺរហ្គឺ មែនទេ? ប៊ឺរហ្គឺ គឺជាអាហារមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្ត ជាពិសេសកុមារតូចៗតែម្តង។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា ប៊ឺរហ្គឺ មួយមានផ្ទុកជាតិខ្លាញ់២៩ក្រាម កាឡូរី ៥៤០ និងសូដ្យូម ១០៤០មីលីក្រាម ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បេះដូង ប្រសិនបើអ្នកទទួលទានច្រើន។ ហេតុនេះ អ្នកគួរតែកំណត់ ឬកាត់បន្ថយការទទួលទានប៊ឺរហ្គឺ ទោះបីជាអ្នកចូលចិត្តខ្លាំងក៏ដោយ។

នំភីហ្សា
ភីហ្សា គឺជាអាហារដ៏មានគ្រោះថ្នាក់មួយទៀតសម្រាប់បេះដូង ព្រោះវាមានផ្ទុកជាតិខ្លាញ់ឆ្អែត និងសូដ្យូមខ្ពស់ជាង ៤.៤ក្រាម។ លើសពីនេះភីហ្សា ក៏មានផ្ទុកជាតិកាបូនអ៊ីដ្រាត ដែលអាចបំផ្លាញសុខភាពបេះដូង ប្រសិនបើអ្នកទទួលទានច្រើនពេក។

ដំឡូងបារាំងចៀន
ដំឡូងបារាំងចៀន ជាអាហារមួយប្រភេទទៀត ដែលអាចបង្កឲ្យមានហានិភ័យនៃជំងឺបេះដូងផងដែរ។ អាហារប្រភេទនេះ មានផ្ទុកកាបូនអ៊ីដ្រាត ជាតិខ្លាញ់ និងសូដ្យូមខ្ពស់ ដែលអាចបង្កើនជាតិស្ករក្នុងឈាម។ ការញ៉ាំជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យឡើងទម្ងន់ និងប្រមូលផ្តុំទៅដោយជាតិខ្លាញ់ក្នុងសរសៃឈាមអាក់ទែ ដែលនាំទៅរកបញ្ហាស្ទះសរសៃឈាមបេះដូង៕

ប្រភព៖ boldsky

មតិយោបល់