ព័ត៌មានបច្ចេកវិទ្យា

យុវជនវ័យក្មេង សេដ្ឋាមុនី ជោគជ័យក្នុងការបើកបរយន្តហោះ AirBus ចម្លង ជាលើកដំបូង!

យុវជន លឹមស្រេង សេដ្ឋាមុនី ដែលទើបទទួលបានសញ្ញាបត្រឯកទេសបើកបរយន្តហោះពាណិជ្ជ ពីសាលាបង្រៀនបើកបរដ៏ធំមួយនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៦ ក្នុងវ័យត្រឹមតែ ១៩ ឆ្នាំនោះ បានទទួលជោគជ័យក្នុងការប្រតិបត្តិយន្តហោះចម្លងប្រភេទ AirBus 320 ជាលើកដំបូងហើយ។

ការសាកល្បងនេះ បានធ្វើឡើងនៅក្នុងបន្ទប់បញ្ជាយន្តហោះ AirBus គំរូមួយ ដែលត្រូវបានរចនាឡើងដោយបំពាក់ប្រព័ន្ធ Sensor និងកុងតាក់បញ្ជា មានលក្ខណៈ និងប្រតិបត្តិការដូចទៅនឹងយន្តហោះពិតប្រាកដ។ នេះបើតាមលោក សេដ្ឋាមុនី ប្រាប់ Post Tech តាមទូរសព្ទ។

យុវជនវ័យ ២០ ដែលបានក្លាយជាជនជាតិខ្មែរដំបូងបង្អស់ដែលទទួលបានសញ្ញាបត្រពីឡុតពីសាលាអកាសចរណ៍ដ៏ល្បីនៅអាមេរិកឈ្មោះ Transpac Aviation Academy រូបនេះ បាននិងកំពុងដាក់ពាក្យចូលទៅបម្រើការងារជាអាកាសយានិកនៅតាមក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗក្នុងប្រទេស​កម្ពុជា។

លោក មុនី និយាយថា «ខ្ញុំកំពុង Applied [ដាក់ពាក្យ] ការងារតាមក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗជាបណ្តើរៗហើយ»។ «ខ្ញុំរំពឹងថា នៅកន្លះឆ្នាំ ឬមួយឆ្នាំទៀត ខ្ញុំនឹងអាចកាន់បញ្ជាចង្កូតយន្តហោះពិតប្រាកដបានជាមិនខាន»។

ទោះយ៉ាងណា លោកបានបញ្ជាក់ប្រាប់ Post Tech ថា មុននឹងអាចក្លាយជាសហអាកាសយានិកផ្លូវការម្នាក់បាន លោកត្រូវឆ្លងកាត់ការធ្វើតេស្តលើជំនាញក្នុងការគ្រប់គ្រងយន្តហោះជាក់ស្តែងដោយផ្ទាល់ជាមុនសិន៕

មតិយោបល់