ព័ត៌មានបច្ចេកវិទ្យា

Apple នឹងចេញ MacBook តម្លៃទាបនៅពាក់កណ្តាលឆ្នាំនេះ?

ក្រុមហ៊ុន Apple ត្រូវគេរាយការណ៍មកថា កំពុងត្រៀមប្រកាសចេញនូវផលិតផលកុំព្យូទ័រយួរដៃ MacBook Air ថ្មីមួយម៉ូឌែល ដែលមានតម្លៃទាបជាងម៉ូឌែលមុនៗ នៅអំឡុងឆមាសទី២ ខាងមុខ។ នេះបើយោងតាមការអះអាងរបស់អ្នកទម្លាយព័ត៌មានលាក់ការរបស់ក្រុមហ៊ុន Apple ដ៏ល្បីឈ្មោះ Ming Chi-Kuo ចុះផ្សាយលើគេហទំព័រ 9to5Mac

គួរបញ្ជាក់ថា កុំព្យូទ័រ MacBook Air តម្លៃទាបបំផុតនាពេលបច្ចុប្បន្នគឺមានចាប់ ៩៩៩ ដុល្លារឡើង។ ប៉ុន្តែ Kuo រំពឹងទុកថា Apple នឹងបន្ថយតម្លៃគោលរបស់កុំព្យូទ័រសែស្រឡាយនេះរបស់ខ្លួនជាមួយជម្រើសម៉ូឌែលថ្មីមួយ។

គេមិនច្បាស់ទេថា MacBook Air ដែលបានអះអាងនោះ នឹងមានការផ្លាស់ប្តូររចនាបទធំដំុមួយ ឬក៏រក្សានៅស្រដៀងនឹងម៉ូឌែលចាស់ៗ ដោយគ្រាន់តែកែប្រែ​សមាភាព Hardware ខាងក្នុង ឬក៏យ៉ាងណានោះទេ។

គួររំឭកថា ក្នុងរយ:កាលចុងក្រោយនេះ Apple មិនត្រឹមតែផ្តោតសំខាន់ទៅលើទីផ្សារកុំព្យូទ័រ Mac តម្លៃទាបនោះទេ ប៉ុន្តែ ខ្លួនក៏បាញ់ឆ្ពោះទៅរកអតិថិជនដែលមិនខ្វល់ពីស្លាកតម្លៃផងដែរ។ ជាក់ស្តែង ក្នុងខែធ្នូកន្លងទៅ Apple បានចេញនូវកុំព្យូទ័រ iMac Pro ដែលមានតម្លៃរហូតដល់ ៥,០០០ ដុល្លារ ខណ:ម៉ូឌែលមុនរបស់​វាដែលថ្លៃបំផុតគឺត្រឹម ២,២៩៩ ដុល្លារប៉ុណ្ណោះ៕

មតិយោបល់