ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនយក្ស Google ប្រកាសចេញបច្ចេកវិទ្យាចេះគិតដូចមនុស្ស អាចពណ៌នាវត្ថុក្នុងវីដេអូបាន

នៅក្នុងសន្និសីទ Google Cloud Next របស់ខ្លួន ដែលប្រព្រឹត្តទៅនាទីក្រុង San Francisco ម្សិលមិញនេះ ក្រុមហ៊ុន​ Google បានប្រកាសចេញនូវបច្ចេកវិទ្យា Cloud Video Intelligence ថ្មីមួយ មានសមត្ថភាពចេះគិតដូចមនុស្ស អាចកំណត់ដឹង និងបរិយាយវត្ថុជាក់លាក់នៅខាងក្នុងវីដេអូបាន។

ក្នុងឱកាសនោះផងដែរ ក្រុមហ៊ុនក៏បានប្រកាសចេញនូវប្រព័ន្ធកម្មវិធីមេ API (Application Programming Interface) សម្រាប់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី អាចយកវាទៅធ្វើការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យានេះបន្ថែមសម្រាប់តម្រូវការផ្សេងៗរបស់ពួកគេបាន។

ក្រុមហ៊ុនអិុនធើណែតយក្សរបស់អាមេរិកនេះ បានធ្វើការទៅលើការបង្កើតបច្ចេកវិទ្យាដែលអាចយល់ដឹងអំពីមាតិកាខាងក្នុងផ្ទៃរូបភាពវីដេអូនេះជាយូរមកហើយ ហើយខ្លួនក៏បានបញ្ចេញសំណុំទិន្នន័យជាច្រើនដើម្បីធ្វើទំនើបកម្មប្រព័ន្ធស្រាវ​ជ្រាវរបស់ខ្លួន និងសម្រាប់បើកឱ្យអង្គភាពដទៃផ្សេងទៀតប្រើប្រាស់។

នេះគឺជាការបោះជំហានដ៏ធំមួយសម្រាប់បច្ចេកវិទ្យាស្វែងរករបស់ Google ដែលពីមុនមកវាអាចសម្គាល់ដឹងអ្វីផ្សេងៗបានតែក្នុងរូបភាព និងសំឡេងប៉ុណ្ណោះ។ «បច្ចេកវិទ្យា Cloud Video ដ៏វៃឆ្លាតនេះ នឹងយកទៅប្រើប្រាស់ក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយធំៗដូចជា YouTube ជាដើម។» នេះបើយោងតាមការថ្លែងឱ្យដឹងពីប្រធានក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការទៅលើបច្ចេកវិទ្យា Google Cloud លោក Fei-Fei Li នៅក្នុងប្លុកមួយ៕

ប្រភពព័ត៌មានៈ cloud.google

មតិយោបល់