ព័ត៌មានបច្ចេកវិទ្យា

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិក ត្រូវបានគេតម្រូវឲ្យប្រើទូរស័ព្ទដៃ BlackBerry?

អាមេរិក៖ បញ្ហាសុវត្ថិភាពគឺជារឿងសំខាន់បំផុតសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងនោះសូម្បីតែប្រព័ន្ធសុវត្ថិភាពតាមរយៈអនឡាញក៏ត្រូវបានភ្នាក់ងារសន្ដិសុខរបស់អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ពិសេសគឺការប្រើប្រាស់គ្រឿងអេឡិចត្រូនិករបស់ប្រធានាធិបតីគ្រប់រូប។

ពាក់ព័ន្ធនឹងចំណុចនេះ មានសំណួរជាច្រើនបានចោទសួរថា តើហេតុអ្វីបានជាប្រធានាធិបតីសហរដ្ឋអាមរិក ប្រើប្រាស់ទូរស័ព្ទ BlackBerry ដែលជាក្រុមហ៊ុនកាណាដាវិញម្ដេចមិនប្រើរបស់អាមេរិកដូចជា iPhone ជាដើម?

សំណួរនេះ ត្បិតតែគ្មានចម្លើយមែន ប៉ុន្តែនៅក្នុងកិច្ចសម្ភាសន៍មួយរបស់ប្រធានាធិបតីសហរដ្ឋអាមរិក លោក បារ៉ាក់ អូបាម៉ា បានឲ្យដឹងថា រូបលោកក្នុងនាមជាប្រធានាធិបតីផ្ទាល់ក៏មិនដឹងច្បាស់ពីបញ្ហានេះដែរ ប៉ុន្តែ FBI តម្រូវឲ្យលោកប្រើប្រាស់ទូរស័ព្ទ BlackBerry ដោយក្នុងនោះគ្រាន់តែបញ្ជាក់ថា វាមានសុវត្ថិភាពខ្ពស់។

និយាយជាលក្ខណៈលេងសើច លោក អូបាម៉ា ក៏បានរំលេចឲ្យដឹងផងដែរថា លោកពិតជាស្រឡាញ់ និងចង់បាន iPhone មកប្រើ ប៉ុន្តែលោកមិនអាចធ្វើទៅរួច ព្រោះថាលោកគឺជាប្រធានាធិបតីសហរដ្ឋអាមេរិក ចំណែករឿងបញ្ហាក្រុមហ៊ុនទូរស័ព្ទផ្សេង មានប្រព័ន្ធសុវត្ថិភាពខ្សោយ ឬខ្លាំងនោះ លោកមិនបានបញ្ជាក់ឡើយ។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែប្រធានាធិបតីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ សូម្បីតែមន្ត្រីកំពូលៗ និងសំខាន់ជាច្រើនរូបផ្សេងទៀត ក៏ FBI តម្រូវឲ្យប្រើទូរស័ព្ទ BlackBerry ផងដែរ៕

photo_2016-07-16_12-01-31photo_2016-07-16_12-01-23obamaphoto_2016-07-16_12-02-29

មតិយោបល់