ការដាក់ឈ្មោះឱ្យស្មាតហ្វូនលំដាប់ថ្នាក់ខ្ពស់ស៊េរី P របស់ក្រុមហ៊ុន Huawei ឥឡូវនេះលែងស្រពិចស្រពិលហើយ។ លែងស្រពិចស្រពិលក៏ដោយសារតែឈ្មោះរបស់វា ត្រូវបានលេចត្រដែតយ៉ាងច្បាស់នៅលើផ្ទាំងបាដាផ្សព្វផ្សាយមួយ អំពីព្រឹត្តិការណ៍បើកបង្ហាញរបស់ក្រុមហ៊ុន ក្នុងទីក្រុង Barcelena សម្រាប់ថ្ងៃ ២៧ មីនា។
ទោះយ៉ាងនេះក្តី គេនៅមានមន្ទិលនៅឡើយទាក់ទងទៅនឹងថាតើ សមាជិក P20 មួយណានឹងបំពាក់កាមេរ៉ាក្រោយភ្លោះបីនោះ ព្រោះព័ត៌មានចចាមអារ៉ាមកន្លងមកហាក់បង្ហាញភាពមិនច្បាស់លាស់នៅឡើយ។ តែយើងអាចសន្មិតថា វាច្បាស់ជាម៉ូឌែល P20 Pro ដែលត្រូវបានផ្លាស់ប្តូរឈ្មោះពី P20 Plus ជាមិនខាន។
នៅលើបាដានោះដែរ គឺមានភ្ជាប់ជាមួយពាក្យមួយឃ្លាដែលចង់សង្កត់ធ្ងន់ទៅលើបច្ចេកវិទ្យា AI និងការចាប់កំណើតថ្មីនៃការថតរូបដែលកំពុងខិតជិតចូលមកដល់។
គួររំឭកថា P20 Pro ដែលពីមុនមានឈ្មោះ P20 Plus ត្រូវគេរាយការណ៍មកថា នឹងប្រើប្រាស់ថ្មទំហំរហូតដល់ ៤០០០ មីល្លីអំព៊ែរ ហើយអាចនឹងបំពាក់អេក្រង់ទំហំ ៦ អីុញ ប្រភេទ OLED និងកាមេរ៉ាក្រោយដល់ទៅបីគ្រាប់ មានទំហំសរុប ៤០ មេហ្គាភិចសែល អាចយឹតរូបភាពមកជិតបាន ៥ តង់ ខណ:កាមេរ៉ាមុខនឹងមានទំហំ ២៤ មេហ្គាភិចសែល។ កាមេរ៉ាទាំងអស់ គឺកើតចេញពីការអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុនផលិតកាមេរ៉ាកម្រិតខ្ពស់របស់អាល្លឺម៉ង់ Lieca។
Huawei P20 Pro នឹងមានកម្រាស់ស្តើងជាង Mate 10 Pro ប៉ុន្តែ មិនមានរចនាបទអេក្រង់គ្មានស៊ុមនោះទេ ហើយផ្តល់ថាមពលប្រតិបត្តិការដោយបន្ទះ ឈីប Kirin 970 និង Android 8.1 Oreo ចេញពីប្រអប់។
បើធៀបជាមួយ Mate 10 គែមអេក្រង់លើក្រោមរបស់ P20 Pro គឺស្តើងជាងបន្តិច ដែលល្មមសម្រាប់បំពាក់កាមេរ៉ាថ្មីរបស់ក្រុមហ៊ុនឈ្មោះ Point Cloud Depth Camera ដែលស្រដៀងទៅនឹង TrueDepth Camera របស់ក្រុមហ៊ុន Apple៕
មតិយោបល់