ព័ត៌មានបច្ចេកវិទ្យា

Galaxy Note 8 ចេញសប្តាហ៍នេះហើយ! ទាំងនេះគឺជាអ្វីដែលលោកអ្នកចង់ដឹង

នៅតែពីរថ្ងៃទៀតប៉ុណ្ណោះ ស្មាតហ្វូនត្រកូល Galaxy Note របស់ក្រុមហ៊ុន Samsung នឹងប្រកាសចេញជាផ្លូវការហើយ ពោលគឺ នៅថ្ងៃទី ២៣ សីហា។ ស្មាតហ្វូនដែលត្រៀមចេញដើម្បីប្រណាំងប្រជែងជាមួយទូរសព្ទ iPhone 8 និងកំពូលទូរសព្ទដៃអេក្រង់ធំរបស់ក្រុមហ៊ុនដទៃផ្សេងទៀត ដូចជា​ Huawei Mate 10, LG V30 ជាដើមនេះ ត្រូវបានព័ត៌មានក្រៅផ្លូវការពីប្រភពផ្សេងៗថា នឹងពាំនាំមកជាមួយលក្ខណៈសម្បត្តិ និងបច្ចេកវិទ្យាកាន់តែទំនើប ហើយក៏បានដោះស្រាយនូវបញ្ហាសុវត្ថិភាពថ្មមិនឱ្យមានករណីផ្ទុះឆេះកើតឡើងដូចជាជំនាន់មុនរបស់វាទៀតផង។

ខាងក្រោយនេះ គឺជាអ្វីដែលគេរំពឹងទុក និងត្រូវបាទម្លាយឱ្យដឹងចេញពីប្រភពគួរឱ្យទុកចិត្តចុងក្រោយបំផុតទាក់ទងទៅនឹងសមាជិកត្រកូល Note ថ្មីនេះ ហើយប្រហែលជាលោកអ្នកកំពុងទន្ទឹងចង់ដឹង មុនការប្រកាសចេញ៖

១- វានឹងបំពាក់អេក្រង់ទំហំ ៦.៤ អីុញ ធំបំផុតមិនធ្លាប់មាននៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung
២- ប្រើប្រាស់ប៊ិកឌីជីថល S Pen ដ៏ទំនើប សម្រាប់គ្រប់គ្រង និងបញ្ជាលើទូរសព្ទ ជាមួយកម្មវិធី​ S Pen
៣- នឹងភ្ជាប់មកជាមួយជំនួយការសំឡេងឌីជីថល Bixby និងកម្មវិធីបើកដំណើរការគេហទំព័រអិុនធើណែតផ្តាច់មុខរបស់ Samsung ពីប្រអប់តែម្តង
៤- Samsung នឹងដាក់វាឱ្យឆ្លងកាត់ការសាកល្បងលើសុវត្ថិភាពថ្មតាម ៨ ដំណាក់កាល ដើម្បីធានាឱ្យបានថា វាមិនមានបញ្ហាផ្ទុះឆេះ
៥- នឹងពាំនាំមកជាមួយលក្ខណៈសម្បត្តិកាន់តែល្អប្រសើរ កាន់តែទំនើប និងមានលក្ខណៈច្នៃបង្កើតថ្មីកាន់តែខ្ពស់
៦- នឹងដាក់លក់ក្នុងខែកញ្ញា នៅតាមតំប​ន់ខ្លះ ហើយនឹងចែកចាយលក់ជាសកលនៅខែតុលា
៧- មានតម្លៃខ្ពស់ជាង Note 7 ប្រមាណ ៥០ ដុល្លារ ដោយសារការបន្ថែមលក្ខណៈសម្បត្តិមួយចំនួនដូចជាកាមេរ៉ាភ្លោះ។ ពោលគឺ វាត្រូវគេរំពឹងថា នឹងលក់ចេញក្នុងតម្លៃ ៩០០ ដុល្លារ (តម្លៃបរទេស) ខណៈ Note 7 ថ្លៃ ៧៥០ ដុល្លារ
៨- បំពាក់កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ដោយម្ខាងប្រើកញ្ចក់ Optic មានទំហំ ១២ មេហ្គាភិចសែល ឯម្ខាងទៀតជាប្រភេទ Telephoto ទំហំ ១៣ មេហ្គាភិចសែល
៩- កាមេរ៉ាក្រោយមានសមត្ថភាពយឹតរូបភាពមកកៀកបែបអ៊ុបទិកចំនួន ៣ តង់ ដោយមិនធ្វើឱ្យថមថយគុណភាពរូប
១០- កាសត្រចៀកអាចនឹងបញ្ជាដោយប្រើសំឡេងដែលមានការគាំទ្រពីកម្មវិធី Bixby
១១- អាចនឹងមានរន្ធស៊កស៊ីមកាតមួយគូ
១២- ផ្ទៃអេក្រង់ និងសម្បកក្រោយរាងកោងខុបចូលគ្នានៅជុំវិញ
១៣- នឹងបន្ថែមជម្រើសពណ៌ទឹកសមុទ្ទ ពីលើពណ៌ខ្មៅ និងប្រផេះ៕

ប្រភពព័ត៌មានៈ​ cnet

មតិយោបល់