ស៊ីដនីៈ ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas បានចេញសេចក្ដីព្រមានដល់អ្នកដំណើរទាំងអស់មិនអនុញ្ញាតឲ្យសាកថ្ម Samsung Galaxy Note 7 ពេលកំពុងហោះហើរនោះទេ ខណៈដែលសហព័ន្ធរដ្ឋបាលអាកាសចរណ៍សហរដ្ឋអាមេរិក កំពុងពិចារណា ក្នុងការហាមហាត់ការនាំយក Galaxy Note 7 សម្រាប់ការហោះហើរ។
សេចក្ដីព្រមាននេះ ត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន Samsung បានប្រកាសប្រមូល Galaxy Note 7 នៅទូទាំងពិភពលោក ប្រមាណជា ២.៥លានគ្រឿង បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា Galaxy Note 7 បានផ្ទុះឆេះ ខណៈពេលកំពុងសាកថ្ម និងបណ្ដាលឲ្យមនុស្ស ២នាក់រងរបួសទៀតផង។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas បានឲ្យដឹងថា ការចេញសេចក្ដីព្រមាន និងហាមឃាត់នេះ គឺធ្វើឡើងដើម្បីរក្សាសុវត្ថិភាព និងសន្ដិសុខដល់អ្នកដំណើរទាំងអស់គ្នា។
លោក Dean Cabena ជាអ្នកប្រើ Galaxy Note 7 និងជាអ្នកដំណើរ ដែលបានជិះយន្តហោះ Qantas បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា សហសេវិក បានជូនដំណឹងថា បើសិនជាមានអ្នកដំណើរណា ដែលប្រើប្រាស់ស្មាតហ្វូន Galaxy Note 7 នោះ មេត្តាកុំសាកថ្ម ខណៈពេលកំពុងហោះហើរ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់។
គួរបញ្ជាក់ផងដែរថា តាមការប៉ាន់ប្រមាណរបស់ Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Samsung អាចនឹងខាតបង់ ១ពាន់លានដុល្លារអាមេរិក ទៅលើបញ្ហា Galaxy Note 7 នេះ ជាពិសេសគឺប្រជាប្រិយភាពរបស់ Samsung អាចនឹងធ្លាក់ចុះមួយកម្រិតទៀត ខណៈដែលនៅពេលនេះ វត្តមាន iPhone 7 កំពុងក្លាយជាចំណាប់អារម្មណ៍ដ៏ខ្លាំងរបស់អ្នកនិយមប្រើស្មាតហ្វូន៕
មតិយោបល់