ព័ត៌មានបច្ចេកវិទ្យា

ក្មេងប្រុសម្នាក់ ស្ទើរឆេះប្រាណ ដោយសារតែ Samsung Galaxy Note 7

ញូវយ៉កៈ ក្មេងប្រុសម្នាក់ត្រូវបានភ្លើងឆេះស្ទើរតែពេញខ្លួន ដោយសារតែស្មាតហ្វូន Galaxy Note 7 របស់ក្រុមហ៊ុន Samsung ផ្ទុះឆេះ ខណៈពេលកំពុងមើលវីដេអូ ដោយមិនបានសាកថ្ម ប៉ុន្តែសំណាង​ល្អ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា។

លោកស្ត្រី Linda Lewis រស់នៅក្នុងតំបន់ Brooklyn ក្នុងទីក្រុងញូវយ៉ក បានឲ្យដឹងថា ចៅរបស់គាត់​មាន​អាយុ ៦ឆ្នាំ បានកាន់ទូរស័ព្ទមើលវីដេអូ ដោយមិនបានសាកថ្មនោះទេ ហើយនៅសុខៗស្រាប់តែទូរស័ព្ទ​នោះ​វាផ្ទុះឆេះឡើងតែម្ដង ជាដំបូងវាឆេះនៅត្រង់ដៃ បន្ទាប់មក ឆេះរាលដាល់ដល់ខ្លួន រហូតដល់​សញ្ជា​ប្រកាសអាសន្ន (Alarm) នៅក្នុងផ្ទះ​ស្រែកឡើង។ ហេតុុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ៨យប់ថ្ងៃសៅរ៍ ដោយក្រោយពីកើតមានករណីផ្ទុះឆេះនេះភ្លាម ខាងក្រុមគ្រួសារបានហៅទូរស័ព្ទសង្គ្រោះបន្ទាន់ 911 និងបានបញ្ជូនក្មេងប្រុសនោះទៅកាន់មន្ទីរពេទ្យ Downstate Medical Center។

លោយស្ត្រី Lewis បានបន្ថែមទៀតថា ជាសំណាងល្អដែរ ដែលចៅប្រុសរបស់គាត់មិនមានគ្រោះថ្នាក់​ធ្ងន់​ធ្ងរ ប៉ុន្តែ​តាមមើលទៅចៅរបស់គាត់ប្រហែលជាឈប់ប្រើស្មាតហ្វូនទៀតហើយ ព្រោះនៅពេលនេះ គេ​កំពុងទទួលរងការប្រហារតាមអារម្មណ៍ ខណៈដែលគ្រួសាររបស់គាត់ទាំងមូលប្រើស្មាតហ្វូនរបស់​ក្រុមហ៊ុន Samsung។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកើតមានករណីផ្ទុះឆេះស្មាតហ្វូន Galaxy Note 7 ខណៈពេលកំពុងសាក​ថ្ម ក្រុមហ៊ុន Samsung បានចេញសេចក្ដីប្រកាសប្រមូលយកមកវិញទាំងអស់នៅជុំវិញពិភពលោក ដោយ​ផ្ដល់លក្ខខណ្ឌឲ្យអតិថិជនចំនួន ២ជម្រើស៕

samsung-galaxy-note-7-risknote7-burntphone

មតិយោបល់