អាមេរិកៈ ជាថ្មីម្ដងទៀត ស្មាតហ្វូន Galaxy Note 7 បានផ្ទុះឆេះ នៅអាកាសយានដ្ឋាន Louisville International Airport នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក ខណៈជើងហោះហើរ Flight 994 របស់ក្រុមហ៊ុន Southwest ត្រៀមខ្លួននឹងធ្វើការហោះហើរ។
កាសែត The Telegraph របស់ចក្រភពអង់គ្លេសបានចុះផ្សាយថា Galaxy Note 7 របស់អ្នកដំណើរម្នាក់ ដែលទើបនឹងប្ដូរដោយក្រុមហ៊ុន Samsung បានផ្ទុះឆេះ ខណៈដែលជើងហោះហើរ ត្រៀមនឹងធ្វើការហោះហើរ ដែលបណ្ដាលឲ្យមានការចលាចល និងជម្លៀសអ្នកដំណើរទាំងអស់ចេញពីយន្តហោះភ្លាម ប៉ុន្តែជាសំណាងល្អ ដោយមិនបណ្ដាលឲ្យមានអ្នករងរបួស។
Brian Green ជាម្ចាស់ទូរស័ព្ទដែលបានផ្ទុះឆេះ បានថ្លែងប្រាប់សារព័ត៌មាន The Verge ថា Galaxy Note 7 នោះគឺជាទូរស័ព្ទដៃថ្មី ដែលត្រូវបានក្រុមហ៊ុន Samsung ប្រកាសថា ឈប់មានបញ្ហារឿងថ្មទៀតហើយ ប៉ុន្តែលោកមិនបានដឹងថា ហេតុអ្វីបានផ្ទុះឆេះនោះទេទៀត ដូច្នេះមានន័យថា ថ្មរបស់ស្មាតហ្វូនថ្មីនេះ អាចនឹងមានបញ្ហាដូចមុន។
លោក Green បានបញ្ជាក់បន្ថែមទៀតថា នៅពេលចូលដល់យន្តហោះ លោកបានបិទទូរស័ព្ទទៅតាមសំណើរបស់សហសេវិក និងបានដាក់វាចូលក្នុងហោប៉ៅ ប៉ុន្តែក្រោយមក មិនដឹងជាហេតុអ្វីបានជាវាធ្លាក់ចេញពីហោប៉ៅ និងបានផ្ទុះឆេះ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
គួរបញ្ជាក់ផងដែរថា នាដើមខែកញ្ញា ស្មាតហ្វូន Galaxy Note 7 របស់ក្រុមហ៊ុន Samsung បានកើតមានបញ្ហា ដោយសារតែការផ្ទុះឆេះ ខណៈពេលសាកថ្ម ហើយក្រុមហ៊ុន Samsung បានប្រកាសប្រមូលទាំងអស់មកវិញ និងបានប្ដូរថ្មីជូនអតិថិជនផងដែរ ដោយបានធានាថា ស្មាតហ្វូនថ្មីនេះគឺមានសុវត្ថិភាព៕
ទស្សនាវីដេអូ៖
ប្រភព៖ Phone Arena / The Telegraph
មតិយោបល់