អាមេរិកៈ សារព័ត៌មាន ABC30 បានរាយការណ៍មកថា iPhone 6 Plus មួយគ្រឿងបានផ្ទុះឆេះ ខណៈពេលកំពុងសាកថ្ម ជាមួយនឹងឧបករណ៍សាកថ្ម Original របស់ក្រុមហ៊ុន Apple ផ្ទាល់តែម្ដង។
នាង Yvette Estrada រស់នៅក្នុងតំបន់ Fresno រដ្ឋកាលីហ្វូញ៉ា បានបញ្ជាក់ឲ្យដឹងថា iPhone 6 Plus របស់នាង បានផ្ទុះឆេះនៅវេលាម៉ោងប្រមាណជាង ៣ភ្លឺ ខណៈពេលកំពុងសាកថ្ម។ iPhone នោះ គឺនាងបានទិញកាលពី៣ខែមុន ហើយក្រោយពីផ្ទុះឆេះ នាងបានទាក់ទងទៅខាងក្រុមហ៊ុន Apple និងទទួលបានការប្ដូរថ្មីរួចរាល់ហើយ ប៉ុន្តែមូលហេតុនៃការផ្ទុះឆេះនោះ គឺនៅមិនទាន់ដឹងនោះទេ។
កាលពីសប្ដាហ៍មុន ក៏មានករណីផ្ទុះឆេះ iPhone 6 Plus របស់និស្សិតម្នាក់ផងដែរ ខណៈដែលគាត់កំពុងអង្គុយរៀន ដោយទាំងពីរករណីនេះ នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុ ថាអាចមកពីថ្ម ដូច Galaxy Note 7 ឬមួយយ៉ាងណាទេ ចំណែក Apple ក៏មិនបានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតផងដែរ៕
មតិយោបល់