ព័ត៌មានបច្ចេកវិទ្យា

ក្រុមអ្នកវិភាគ៖ Samsung ដឹងមុនថា Note 7 មិនសូវស្រួល តែនៅតែប្រថុយ

យោងតាមវិស្វករផ្នែក Hardware ឯករាជ្យមួយក្រុម ដែលបានគាស់មើលគ្រឿងក្នុងរបស់ Galaxy Note 7 ដើម្បីរកមូលហេតុនៃការផ្ទុះឆេះ បានទាញការសន្និដ្ឋានថា មូលហេតុដែលនាំឱ្យទូរស័ព្ទដ៏ទំនើបនេះឆាប់ឆេះចេញជាអណ្តាតភ្លើងច្រើនករណីជាបន្តបន្ទាប់នោះគឺ បណ្តាលមកពីការរចនាផ្នែកខាងក្នុងរបស់វា។

note7internals
ក្រុមវិស្វករបន្ថែមថា Samsung ដឹងថាការរចនារបែបនេះ គឺអាចប្រឈមគ្រោះថ្នាក់ខ្ពស់ ប៉ុន្តែ ពួកគេនៅតែបន្តប្រថុយធ្វើវាឡើង ព្រោះយល់ថា ខ្លួនបានព្យាយាមយ៉ាងលំបាកក្នុងការច្នៃបង្កើតវាឡើងដើម្បីបង្កើនការប្រកួតប្រជែងក្នុងទីផ្សារ។ និយាយរួម ការរចនាគ្រឿងម៉ាស៊ីនខាងក្នុងដែលមានលក្ខណៈចង្អៀតណែនយ៉ាងខ្លាំងបែបនេះ គឺនាំឱ្យថ្មរបស់វារងនូវសំពាធជាប់ជានិច្ច រហូតងាយធ្វើឱ្យសន្ទះខណ្ឌចែកអេឡិចត្រុងប៉ូលដក និងប៉ូលបូកខូចខាត ហើយនាំឱ្យប៉ូលទាំងពីរប៉ះគ្នាបង្កជាការឆាបឆេះ។
កាលពីប៉ុន្មានខែមុននេះ គណកម្មការសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់អាមេរិកហៅកាត់ថា CPSC ក៏បានទាញសេចក្តីសន្និដ្ឋានដូចគ្នាអីចឹងដែរ ដោយតាមរយៈអ្នកនាំពាក្យថ្លែងប្រាប់ Bloomberg ថា ទំហំថ្ម Note 7 គឺធំពេកហើយសម្រាប់ទំហំផ្ទៃទូរស័ព្ទខាងក្នុង។
0x600
The Wall Street Journal បានស្រង់សម្តីពីប្រភពក្រុមហ៊ុនកូរ៉េខាងត្បូងថា Samsung ប្រឹងប្រែងប្រណាំងប្រជែងជាមួយ iPhone 7 នៅក្នុងទីផ្សារ ម្លោះហើយពួកគេប្រញាប់ផលិតចេញ Note 7 ដែលមានការបង្កើនសមត្ថភាពស្ទើរគ្រប់ផ្នែក ទាំងថាមពលថ្ម មុខងារពិសេសៗ និងការច្នៃបង្កើតថ្មី។
របាយការណ៍ទាំងនេះ គឹស៊ីគ្នាជាមួយអ្វីដែលក្រុមស្រាវជ្រាវមកពី Instrumental បានរកឃើញនៅលើ Note 7។ ក្រុមស្រាវជ្រាវមកពីស្ថាបនមួយនេះក៏ជឿថា ក្រុមវិស្វករ Samsung ដឹងថា ការរចនាថ្មរបស់ Note 7 គឺមិនសូវស្រួលទេ វាអាចនឹងប្រឈមគ្រោះថ្នាក់ដោយសារវាហាប់ណែនពេក តែនៅតែប្រថុយ ដោយសង្ឃឹមថា ពួកគេអាចធ្វើការកាត់បន្ថយភាពប្រថុយប្រថានដល់កម្រិតអប្បបរមា៕

ប្រភពព័ត៌មាន៖ forbes

មតិយោបល់