ព័ត៌មានបច្ចេកវិទ្យា

Apple ចេញកម្មវិធីលក់ថែមកាស Beat តម្លៃ ២៩៩$ ដើម្បីអបអរថ្ងៃចូលឆ្នាំចិន

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសចេញកម្មវិធីលក់ថែមជូនពិសេសប្រចាំឆ្នាំ ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដោយមានការលក់ថែមកាសឥតខ្សែ Beats Solo3 មួយដែលមានតម្លៃ ២៩៩.៩៥ ដុល្លារ ជូនដល់អតិថិជនទាំងឡាយណាដែលបានជាវកុំព្យូទ័រ Mac ឬទូរស័ព្ទដៃ iPhone មួយគ្រឿងពីក្រុមហ៊ុន។
កម្មវិធីលក់ថែមជូនពិសេសនេះ នឹងធ្វើឡើងនៅក្នុងប្រទេសចិន ហុងកុង តៃវ៉ាន់ និងសិង្ហបុរី ក្នុងរយ:ពេលតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី ៦ មករា ចាប់ពីវេលាម៉ោង ៨ ព្រឹក ម៉ោងក្នុងតំបន់។

ដើម្បីទទួលបានការថែមជូនកាសឥតខ្សែស៊េរីចុងក្រោយពណ៌ក្រហមនេះ អតិថិជនត្រូវជាវកុំព្យូទ័រ iMac, MacBook, MacBook Air, MacBook Pro ឬ Mac Pro មួយគ្រឿង។ ដោយឡែកចំពោះការជាវ MacBook Pro ដែលមាន Touch Bar ឬ Mac Mini គឺមិនមានការថែមជូននោះទេ។ ប៉ុន្តែ សម្រាប់ការជាវ iPhone 6s, iPhone 6s Plus, iPhone 7, ឬ iPhone 7 Plus ក្រុមហ៊ុនក៏នឹងថែមជូនផងដែរ គឺរហូតដល់អស់ពីស្តុក។
ក្រុមហ៊ុន Apple ក៏មានអំណោយបន្ទាប់បន្សំជាគ្រឿងបំពាក់បន្ថែមពណ៌ក្រហមៗដូចជានាឡិកាដៃ Watch Sport Band, សម្បក iPhone, និង BB-8 Droid ជាដើម សម្រាប់អតិថិជនរបស់ខ្លួនផងដែរ សម្រាប់អបអរថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ៕

ប្រភពព័ត៌មាន៖ 9to5google

មតិយោបល់