ព័ត៌មានសេដ្ឋកិច្ច

ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រនាំចេញស្វាយកែវល្មៀត ចេញទៅកូរ៉េ និងអឺរ៉ុប

ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រ សម្រាប់នាំចេញស្វាយកែវល្មៀត ចេញទៅប្រទេសកូរ៉េ និងអឺរ៉ុប ដោយក្រុមហ៊ុន Hyundai Mao Legacy ទទួលទិញស្វាយចំនួន ៥ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម តាកែវ ពោធិ៍សាត់ និងសៀមរាប។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃនេះ។

លោក​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមក្នុងសិក្ខាសាលាស្តីពី ការប្រមូលផលដំណាំស្វាយ និងផ្លែឈើផ្សេងៗ ហើយសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង រួមគ្នាពិនិត្យ ចែករំលែក និងទទួលបានចំណេះដឹងអំពីបច្ចេកថែទាំ វេចខ្ចប់ផ្លែស្វាយ និងផ្លែឈើផ្សេងៗទៀត។

លោក ម៉ៅ គន្ធពិសី ប្រធានក្រុមហ៊ុន Mao Legacy ធ្លាប់បានឲ្យដឹងថា ការនាំចេញផ្លែស្វាយ គឺទាមទារនូវគុណភាព សុវត្ថិភាព និងភាពស្រស់ជាចម្បង ត្រូវលាងសម្លាប់មេរោគ និងរៀបចំទុកដាក់វេចខ្ចប់ ដោយរក្សាក្នុងសីតុណ្ហភាពត្រជាក់ល្អមុនពេលនាំចេញ។

លោកបន្តថា ក្រុមហ៊ុនរបស់លោក នឹងជួយកសិករលើបច្ចេកទេសដាំដុះ ណែនាំពីការប្រើប្រាស់ជីធម្មជាតិល្អៗ មិនប្រើប្រាស់ជីគីមីនោះទេ ហើយចំពោះតម្លៃ ក្រុមហ៊ុននឹងកំណត់ឲ្យថេរ ជៀសវាងឡើងចុះតាមទីផ្សារ និងការបន្ទាបតម្លៃពីឈ្មួញកណ្តាល ព្រមទាំងកំណត់ថ្លៃជាថ្មី បើកសិករគោរពតាមការណែនាំ និងស្តង់ដារនាំចេញ។

គួររម្លឹកដែរថា ក្រុមហ៊ុន Mao Legacy គ្រោងនឹងនាំចេញផ្លែស្វាយប្រមាណ ៧ពាន់តោន ដល់ ១ម៉ឺនតោន នៅចុងឆ្នាំ ២០១៧នេះ ទៅកាន់ទីផ្សារកូរ៉េ និងទីផ្សារពិភពលោក៕

មតិយោបល់