ព័ត៌មានបច្ចេកវិទ្យា

Note 7 នឹងចេញលក់នៅឥណ្ឌា និងវៀតណាម ក្រោយកែថ្មថ្មី

ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមដាក់លក់ Galaxy Note 7 នៅក្នុងទីផ្សារស្មាតហ្វូនដែលកំពុងរីកចម្រើនខ្លាំងដូចជាក្នុងប្រទេសឥណ្ឌា និងវៀតណាម ពីខែមិថុនា​ ឆ្នាំ ២០១៧ បន្ទាប់ពីកែកម្រិតថាមពលថ្មរួច ដោយទម្លាក់ពី ៣៥០០ មកនៅត្រឹម ៣០០០-៣២០០ មីល្លីអំព៊ែរម៉ោង។ នេះបើយោងតាមរបាយការណ៍មួយចេញផ្សាយនៅលើគេហទំព័រ Hankyung។

របាយការណ៍ដដែលឱ្យដឹងបន្ថែមថា Note 7 នឹងវិលត្រឡប់មកជាមួយសម្បកថ្មី រចនាខុសគ្នាបន្តិចបន្តួចពីម៉ូឌែលដើម ប៉ុន្តែសមាសធាតុផ្សំផ្នែកខាងក្នុងដូចជា អង្គប្រតិបត្តិ អង្គចងចាំ អង្គផ្ទុកទិន្នន័យ និងកាមេរ៉ាជាដើម នឹងរក្សានៅដដែល។

ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍មកថា បានកែច្នៃឡើងវិញ ៩៨% នៃចំនួន Galaxy Note 7 ដែលបានលក់ចេញទូទាំងពិភពលោក ៣.០៦ លានគ្រឿង បំណងដើម្បីកាត់បន្ថយការខាតបង់ដ៏ក្រាស់ក្រែលរបស់ក្រុមហ៊ុន ហើយក៏ដើម្បីការពារ​បរិស្ថានបង្កឡើងដោយកាកសំណល់គ្រឿងអេឡិចត្រូនិកផងដែរ។

ចំពោះរបាយការណ៍នេះ ប្រសិនបើវាជាការពិតមែន នោះ Note 7 ថ្មីនឹងមានតម្លៃទាបជាងមុន ហើយវាក៏ជាឱកាសល្អសម្រាប់អ្នកដែលនៅតែគាំទ្រ និងជឿទុកចិត្តលើផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ ក្នុងការទិញវាយកមកប្រើផងដែរ។

គួររំឭកថា Samsung ទើបបានប្រកាសផ្លូវការនូវលទ្ធផលនៃការស៉ើបអង្កេតអំពីមូលហេតុដែលបណ្តាលឱ្យកើតមានករណី Galaxy Note 7 ឆាបឆេះ៕

ប្រភពព័ត៌មានៈ sammobile

មតិយោបល់